ព័ត៌មានទាន់ហេតុការណ៍៖

បាត់លុយ៣ម៉ឺនរៀលគ្រាន់តែឪពុកអង្គុយលើគ្រែមើលមុខទាញកាំបិតកាប់ស្លាប់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្ត​កណ្ដាលៈ កូនស្រីចិត្តសាហាវបាត់លុយ៣ម៉ឺនរៀល គ្រាន់តែឪពុកអង្គុយលើគ្រែមើលមុខចោទដាក់ឪពុកទាញកាំបិតផ្គាក់កាប់ទៅលើឪពុករបស់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងសង្វេគ ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ
ឯម សារឿន ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ស្រ្តីសង្ស័យកាប់ឪពុកខ្លួនឯងស្លាប់មានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកជនរងគ្រោះឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ
មុខរបរ កសិករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។វត្ថុតាងដកហូតបានមានកាំបិតផ្គាក់ដងឬស្សី ប្រវែង៦៩សង់ទីម៉ែត្រ ផ្លែមានប្រវែង៣១សង់ទីម៉ែត្រ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២រសៀល ស្រ្តីសង្ស័យបានត្រឡប់មកពីលក់ឆៃថាវវិញ ខណៈមកដល់ផ្ទះបានរាប់លុយឃេីញក្នុងកាបូបរបស់ខ្លួនឃើញលុយចំនួន៧ម៉ឺនរៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ ។ ក្រោយពីរាប់រួចស្ត្រីសង្ស័យក៏បានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែដែលមានស្ពាយកាបូបជាប់នឹងខ្លួន ប៉ុន្តែខណៈដែលដេកនោះពុំដេកលក់នោះទេ ។ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ស្រ្តីសង្ស័យក៍រាប់ម្តងទៀត បានឃេីញថា លុយខ្លួនបាត់ចំនួន៣ម៉ឺនរៀល ក៏ស្រាប់តែមានកំហឹងក្នុងខ្លួន ជួនពេលជនរងគ្រោះជាឪពុកឈ្មោះ ឯម សារឿន បានដេីរមកដល់ផ្ទះ រួចអង្គុយលេីគ្រែ
ហេីយសម្លឹងមកស្រ្តីសង្ស័យជាកូន ភ្លាមនោះស្ត្រីជាកូនឈ្មោះ ឃុត ចន្នី បានទាយយកកាប់នៅលេីគ្រែ មកកាប់ឪពុកត្រូវចំ.ក ខាងក្រោយ បណ្តាលឲ្យធ្លាក់ពីលេីគ្រែស្លាប់ភ្លាមៗតែម្តង ។

ក្រោយពីមានហេតុការណ៏កើតឡើង សមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការកោសល្យវិច្ច័យ រួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

 


ចែករំលែក៖