ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចពងមាន់ខូចគុណភាពជាង១០០០គ្រាប់ ដែលឈ្មួញនាំចូលពីថៃ

ចែករំលែក៖

ខេត្តកោះកុង: ពងមាន់ខូចគុណភាពជាង១០០០គ្រាប់ ដែលសមត្ថកិច្ចដកហូតពី ឈ្មួញលួចនាំចូលបង្កប់តាមរទេះពីប្រទេសថៃ មកលក់នៅកម្ពុជា ត្រូវបានកម្លាំងសាខាកាំកុងត្រូលខេត្តកោះកុងយកទៅកម្ទេចចោល តាមរូបភាពកប់ចោល ។នេះបើយោង តាមផេក របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹង។

ប្រភពព័ត៌មាននៅក្នុងផេកនេះបានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ លោក សម ចិត្រា ប្រធានប៉ុស្តិ៍អន្តរជាតិចាំយាម នៃសាខាកាំកុងត្រូលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅមាត់ច្រក បានកម្ទេចពងមាន់ខូចគុណភាពចំនួន ១,០២០គ្រាប់ ដែលឈ្មួញលួចនាំចូលបង្កប់តាមរទេះ ។

យ៉ាងណាមន្រី្តកាំកុងត្រូល បានអំពាវនាវដល់អាជីវករ ឈប់នាំចូលពងមាន់ខូចគុណភាព មកលក់ឲ្យប្រជាពលរដ្ឋខ្មែរហូបទៀត ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់ ។ ម្យ៉ាងទៀតអ្នកទិញពងមាន់យកទៅហូប មុននឹងទិញត្រូវតែមើលឲ្យបានដិតដល់ មិនមែនឃើញពងមាន់មានតម្លៃថោកចេះតែទិញនោះទេ ៕ សហការី


ចែករំលែក៖