ខេត្តពោធិ៍សាត់៖ បុរសជាឪពុកបានរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯកូនប្រុសបានរងរបួសស្រាលផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងគោយន្តកន្រ្តៃបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៣.២១៤ ត្រង់ចំណុចទល់មុខឡត៍ឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ យ៉ាន គុណខេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរគោយន្តកន្រ្តៃ(ស្រាល) និងអ្នករួមដំណើរជាឪពុកឈ្មោះ វាសនា កល្យាណ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ(របួសធន់បាក់ដៃខាងឆ្វេង)។
ប្រភពដដែលបន្តថា មុនដំបូងគេឃើញគោយន្តកន្រ្តៃសណ្ដោងរឺម៉ក ២នាក់ឪពុកកូនបានធ្វើដំណើរបើតកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅទិសខាងត្បូង ឆ្លងដល់ចិញ្ចើមផ្លូវស្រាប់តែគោយន្តកន្រ្តៃរបស់ពួកគាត់វិលមកទិសខាងជើងវិញ ស្របគ្នានោះដែរមានរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ ភ្នំពេញ 3D 7307 បើកបរដោយឈ្មោះ គង់ គឹមយ៉ុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្រ្គង ឃុំស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅទិសខាងលិចបានជ្រុលបុកពេញទំហឹងតែម្តង តែកូនអ្នកបើកបរគោយន្តកន្រ្តៃហក់ចេញផុតនៅឪពុកបណ្ដាលឲ្យរងរបួសបែបនេះ ។
ប្រភពបន្តទៀតថា ភ្លាមៗនោះជនរងរបួសឪពុក និងកូនត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងគោយន្តកន្រ្តៃសណ្ដោងរឺម៉ក និងរថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន