ភ្នំពេញ៖ អេស្កាវ៉ាទ័រកាយដីរបស់ក្រុមហ៊ុន LNSK Construction Co., Ltd ប៉ះខ្សែបណ្តាញតង់ស្យុងទាប (LV) ក្រោមដី ស្ថិតនៅបណ្តោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធ្វើឲ្យដាច់ចរន្តអគ្គិសនីអស់ជាច្រើនម៉ោង។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ២រសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ។ ក្រុមការងារបច្ចេកទេសបានជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញនៅម៉ោងជិត៩យប់ថ្ងៃដដែល។
អគ្គិសនីកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុផងដែរ។
អគ្គិសនីកម្ពុជា ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕ជ្រោយពេជ្រ