ខេត្តព្រៃវែង៖ យុវនារីមានវ័យ១៧ឆ្នាំម្នាក់បានបាត់ពីផ្ទះដោយយកមាសជិត១តម្លឹងនិងលុយ លុយ៥០ម៉ឺនរៀលរបស់ឪពុកម្តាយទៅបាត់ ហើយត្រូវបានក្រុមគ្រួសារដាក់ការសង្ស័យថា នាងចុះចោលពីផ្ទះរត់តាមសង្សារផងក៏មិនដឹង ។
ករណីនេះបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលរសៀលថ្ងៃថ្ងៃ សុក្រ ៦ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី៦ ខែមេសា ឆ្នាំ២០១៨ នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយ យុវតីដែលបាត់ខ្លួននោះឈ្មោះ ហ៊ាន ចាន់រ័ត្ន ភេទស្រី អាយុ១៧ ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុក ខាងលើ ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ហ៊ាន វ៉ាន់ ភេទប្រុសអាយុ៤៥ ឆ្នាំ និងឈ្មោះ យ៉ាន់សោភ័ណ្ឌ អាយុ៤៤ឆ្នាំ, ត្រូវជាឪពុកម្ដាយរបស់នាង ឈ្មោះ ហ៊ាន ចាន់រ័ត្ន មិនបាននៅផ្ទះទេ ដោយពួកគាត់ ចេញទៅរកស៊ី ធ្វើការនៅក្រុងភ្នំពេញនិង ទុកឲ្យឈ្មោះ ហ៊ាន ចាន់រ័ត្ន និងបងប្អូន២នាក់ទៀត ឲ្យនៅចាំផ្ទះ។ក្រោយមកស្រាប់តែយុវនារីខាងលើនេះ បានចេញបាត់ពីផ្ទះ ដោយយកទៅជាមួយនូវទ្រព្យសម្បត្តិមួយចំនួនមាន មាសជិតមួយតម្លឹង និងលុយ ៥០០.០០០រៀល ដោយមិនដឹងមូលហេតុទៅណាណោះទេ ជាហេតុធ្វើឲ្យឪពុកម្តាយ មកដល់ផ្ទះស្រឡាំងកាំង និយាយលែងចេញ ។
អ្នកភូមិនាំគ្នាខ្សឹបខ្សៀវថា សង្ស័យយុវនារីរូបនេះចាញ់បោកសង្សារ ហើយរត់តាមគ្នាយក គ្រឿងអលង្ការ និងលុយរបស់ឪពុកម្តាយទៅសម្ងំសោយសុខនៅកន្លែងណាមួយជាមិនខាន ។
យ៉ាងណាឪពុកម្ដាយកំពុងមានការភ័យបារម្ភខ្លាច នាងចាញ់បោកមិត្តភក្ដិ ឬគេយកទៅធ្វើបាប។ ហេតុនេះ ក្រុមគ្រួសារសូមអំពាវនាវដល់មហាជន ក៏ដូចជាសមត្ថកិច្ច ប្រសិនជាបានឃើញនាងផ្ទាល់ ដូចក្នុងរូបថតនេះមេត្តាផ្តល់ព័ត៌មាននិងសូមឲ្យនាងវិលត្រឡប់ទៅ ផ្ទះវិញផង ពួកគាត់មិនយកទោសពៃរ៍អ្វីទេ ៕ ប្រាថ្នា