ក្រុងប៉ោយប៉ែត ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានយកប្រេងកាតដុតសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ នៅក្នុងបន្ទប់ផ្ទះសំណាក់ហង្សមាស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៤ទៀបភ្លឺ ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះសំណាក់ហង្សមាស បន្ទប់លេខ១០៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះឈ្មោះ លឹម វ៉ៃតាត អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី។ នៅលើដងខ្លួនសពគេឃើញមានការឆាបឆេះរោលរាលខ្លោចពេញខ្លួន បណ្ដាលឲ្យស្លាប់យ៉ាងវេទនា ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានយកអាយផេតយកទៅបញ្ចាំម្ចាសផ្ទះសំណាក់ ប៉ុន្តែដោយអាយផេតជនរងគ្រោះចាស់ពេកម្ចាស់ផ្ទះសំណាក់មិនយក បែរជាជនរងគ្រោះសុំលេខសម្ងាត់ wifi ទៅវិញ រួចហើយជនរងគ្រោះបានដើរចេញទៅក្រៅបាត់ ។ លុះម៉ោង៤ទៀបភ្លឺ ថ្ងៃដដែលស្រាប់តែមានឃើញអណ្ដាតភ្លើងតាមកាមេរ៉ាសុវត្ថិភាពពីបន្ទប់ជនរងគ្រោះ ក៏ម្ចាស់ផ្ទះសំណាក់ក៏បិទព្រីភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាទូរស័ព្ទហៅសមត្ថកិច្ចតែម្ដង ។
នៅកន្លែងកើតហេតុគេឃើញមានកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុងដើម្បីត្រួតពិនិត្យសពរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីពិនិត្យរបស់ក្រុមសមត្ថកិច្ចជំនាញខេត្ត ក្រុងនិងគ្រួពេទ្យឃើញថា រងគ្រោះបានយកប្រេងកាតដុតខ្លួនឯងប្រាកដមែន ។ បើយោងតាមការពិនិត្យជុំវិញកន្លែងកើតហេតុ និងដងខ្លួនសពជនរងគ្រោះ គេឃើញមានដបជ័រដាក់ប្រេងកាត។ ក្រោយពីជនរងគ្រោះដុតខ្លួននៅសេសសល់ហើយមិនមានអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីឡើយ។
ក្រោយពីនិត្យរួចរាល់សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តបាលិលេយ្យដើម្បីរង់ចាំមន្ត្រីទូតចាត់ចែង៕ វណ្ណា