ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តទង់រាជថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តទង់រាជថ្មី ស្ថិតនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដែលប្រព្រឹត្តថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារចុះជួយស្រុករមាសហែកជាច្រើនរូបផងដែរ ។

លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថាទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។

ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាព្រះវិហារដ៏ស្រស់ស្អាតនៅក្នុងវត្តទង់រាជថ្មី ក្រោមគំនិតផ្តួចផ្តើមរបស់ ព្រះតេជគុណជាច្រើនអង្គ រួមជាមួយ ចៅអធិការវត្តទង់រាជថ្មី ឯកឧត្តម និងលោកជំទាវ គឺជាពុទ្ធសាសនិកជន បានចូលរួមឧបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយ ថវិកាផ្ទាល់ខ្លួន និងបានកៀរគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តនាពេលនេះ ។

ឆ្លៀតក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវមានបងតូច បងធំ និងក្រុមក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍។ មិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ត្រូវតែជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ ៕ សុខ ខេមរា


ចែករំលែក៖