ខេត្តស្ទឹងត្រែងៈ ពីរនាក់ប្តីប្រពន្ធវ័យក្មេង មានឈ្មោះដូចគ្នា កំពុងតែកាកកបនូវមុខជំនួញឈើ ខណៈ លោកអភិបាលស្រុកទើបឡើងថ្មី មើលមិនជុំហើយសមត្ថកិច្ច បួនស្ថាប័នកំពុងឈរជើង នៅចំណុចអូរវែង ចាំរាប់ក្បាលគោយន្តដឹកឈើខាងលើ ថ្នូរទៅនឹងមិនបង្ក្រាប ដែលឈ្មួញនោះ កំពុងកៀងគរពលរដ្ឋចូលព្រៃកាប់ឈើ និងប្រមូលទិញឈើនិងដឹកជញ្ចូនតាមគោយន្តកន្ត្រៃ យ៉ាងគំហុកពីសៀមប៉ាងយកទៅលក់បន្តឲ្យឈ្មួញនៅស្រុកវ៉ើនសៃ ខេត្តរតនគីរី គ្មានអ្នកបង្ក្រាប និងទប់ស្កាត់។
លោក ឃូន ត្រូវជាឪពុកមេឈ្មួញពីរអ្នកប្តីប្រពន្ធនោះ បាននិយាយថា ក្នុងការដែលពួកគាត់ថតអ្នកកាសែតវិញ នោះ គឺមិនឲ្យលុយគេ ហើយឃើញអ្នកកាសែត អ្នកណាក៏ដោយមកថតឈើ មកជំរិតទារលុយ ឲ្យថតវិញ ទុកបង្ហាញលោកអភិបាលស្រុក និងលោកអភិបាលខេត្ត។ លោលបញ្ជាក់ទៀតថា កូនគាត់ដឹកឈើទៅលក់នៅ ស្រុកវ៉ើននោះ មិនសូវចំណេញ ប៉ុន្មានទេ ព្រោះបង់ឲ្យសមត្ថកិច្ច ជាច្រើនស្ថាប័ន ដែលចាំយកលុយ នៅព្រុំប្រទល់អូរវែង ក្នុងស្រុកសៀមប៉ាង ជាប់គ្នាជាមួយស្រុកវ៉ើនសៃ ខេត្តរតនៈគីរី ដែលមានទាំងទាហាន ប៉ូលិស បរិស្ថាន ក្នុងមួយស្ថាប័នមានគ្នា៣ទៅ៥នាក់ សរុបទៅអស់លុយក្នុងមួយគោយន្ត ៣០ទៅ៤០ម៉ឺនរៀល ក្នុងមួយជើង សល់តែ២០ទៅ៣០ម៉ឺនរៀលតែប៉ុណ្ណោះ ។
ជុំវិញលោកផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង បានប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ថា ភូមិចន្ទុនោះនៅឯណា អ្នកសារព័ត៌មានបញ្ជាក់ ទើបលោកភ្ញាក់ ហើយបទល្មើសនេះ វាដឹកចេញទៅណាវិញ រួចលោកថា ឲ្យបាញ់រូបភាពទាំងនោះជូនលោក លោកនឹងចាត់ការវាម្តងមើល ។ លោកថា បញ្ហារឿងនេះ លោកអត់ដឹងទេ តែបញ្ហារឿងឈ្មួញថា ឲ្យថតទុក ទុកនោះសម្រាប់ឲ្យមកអភិបាលស្រុក និងអភិបាលខេត្តពិតមែន ប៉ុន្តែសម្រាប់អ្នកដែលមកគំរាមទារលុយពីប្រជាពលរដ្ឋខុសច្បាប់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បទល្មើសដែលកើតមានពេញបន្ទុក ក្នុងភូមិសាម៉ក្រៅ មានមេឈ្មួញកណ្តាលឈ្មោះ ប៉ៃ មានឈ្មោះស៊ី នៅភូមិចន្ទុ ដែលមានប្តីឈ្មោះ ណយ ប្រពន្ធឈ្មោះ ណយ (ជាភាសាឡាវ ប្រែមកភាសាខ្មែរវិញ ឈ្មោះតូចដូចគ្នា) ដែលជាជើងខ្លាំង និយាយជាភាសាឡាវ បញ្ជាឲ្យកូនចៅយកដែកត្បែងវាយ អ្នកសារព័ត៌មាន ខណៈកំពុង ធ្វើសកម្មភាពថតផ្តិតរូបភាព ដែលឈ្មួញកំពុងដឹកជញ្ជូនឈើយកទៅលក់នៅស្រុកវ៉ើនសៃ ថែមទាំងថតរូបអ្នកកាសែត តាមបញ្ជាលោកអភិបាលស្រុក និងលោកអភិបាលខេត្តទៀតផង ។
រឿងនេះ ប្រហែលជាលោកទាំងពីរនៅពីក្រោយបទល្មើសទាំងនេះហើយមើលទៅ ទើបឈ្មួញទាំងនេះព្រហើនយ៉ាងនេះ តើលោកការពារឈ្មួញ ឬការពារពលរដ្ឋ បើការពារពលរដ្ឋ ស្រឡាញ់ប្រជាជន គួរតែចុះពិនិត្យស្ថានភាពរស់នៅរបស់ពួកគាត់ និងជួយពិនិត្យផ្លូវចូលទៅភូមិរបស់ពួកគាត់ផង ហើយគួរតែចាត់ការទៅលើឈ្មួញរូបនេះផង កុំឲ្យចេះតែហ៊ានប្រមាថ វាយអ្នកកាសែតនឹងដែកស្បែង មិនត្រឹមតែប៉ុណ្ណោះ ពួកគេនិយាយថា បើជួបពួកនេះ លើកក្រោយ នឹងលបវៃចោលហើយ តើសំដីបែបនេះ សមត្ថកិច្ច និងអាជ្ញាធរនៅការពារពួកឈ្មួញទុច្ចរិតទៀតទេ ៕ មាស សុផាត