ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកសំភារ:ទ្វារ ដែក និងចំរឹងបង្អួចផ្ទះ ) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៧ ផ្លូវ លេខ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ។

ជនសង្ស័យ-ឈ្មោះ ស៊ុន ចក់ ហៅម៉ៅជ្រុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើតភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ-ឈ្មោះ ជួប ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន CSME ស្នាក់នៅផ្ទះលេខ៤០៧ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (ជាតំណាងម្ចាស់ផ្ទះឈ្មោះ ប៉ូ រតនា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកក្រុមហ៊ុនCSME ) ។ វត្ថុតាងចាប់យករួមមាន៖-ឈើមូលមួយដើមមានប្រវែងប្រហែល១ ម៉ែត្រ២តឹក (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួចគាស់បំបាក់ទ្វារនិងបង្អួចផ្ទះរបស់ជនរងគ្រោះ ) , ដែកជ្រុងចំរឹងបង្អួចចំនួន០៣ប្រវែងប្រហែល១តឹក (ជាដែក ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះដែលជនសង្ស័យគាស់បំបាក់យកដែកលក់អេតចាយ ) ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះលេខ៤៧ ផ្លូវ លេខ៦០៨ ក្រុម ទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញជនសង្ស័យ០១នាក់ឈ្មោះ ស៊ុន ចក់ ហៅម៉ៅជ្រុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចគាស់ចំរឹងបង្អួចផ្ទះចូលលួចសំភារ: ភ្លាម នោះកំលាំងយើងក៏ធ្វើការ បង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាង ឈើមូលមួយដើមប្រវែងប្រហែល ១ម៉ែត្រ២តឹក និងកំណាត់ដែកចំរឹងបង្អួច ប្រវែងប្រហែល១តឹក ចំនួន០៣ កំណាត់ រួចបញ្ជូនជនសង្ស័យយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកយោងតាមចំលើយរបស់ជនសង្ស័យឈ្មោះ ស៊ុន ចក់ ហៅម៉ៅជ្រុង បានសារភាពថា ៖ ខ្លួនបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះយកដែកលក់ចំនួន២លើក ។

លើកទី១ កាលពី៤ថ្ងៃមុន ខ្លួនគាស់បានចំរឹងបង្អួចមួយផ្ទាំង និងលើកទី២នេះត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស៊ុន ចក់ ហៅម៉ៅជ្រុង កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ .៕ស តារា


ចែករំលែក៖