ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ១កើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៨ និង២០៩ ជិតរង្វង់មូលរាមស្ថិតក្នុងឃុំ រាម ស្រុកព្រៃនប់ រវាងម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តបែនដឹកដី០១គ្រឿងដែល បែកកង់ហើយកំពុងចតឈប់ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់។
រថយន្តនេះពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ៣A ៣២៥៩ (អ្នកបើកបរគេចបាត់ ) បណ្តាលអោយភាគីខាងម៉ូតូចំនួន២នាក់ស្លាប់នៅនឹងកន្លែងរួមមាន ទី១ ឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ៦៣ឆ្នាំ ជាអ្នកបើកបរ(ត្រូវជាប្តី) និងទី២ ឈ្មោះ ឃុត លួន ភេទស្រីអាយុ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ(ជាប្រពន្ធ)។ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត។
បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ឆ្លាម សមុទ្រ