ខេត្តរតនគិរី៖ គ្រោងឆ្អឹងសាកសពបុរសវ័យចំណាស់ម្នាក់ ដែលបានបាត់ខ្លួនជាង៣ខែមកហើយនោះ ជាមួយមូតូមួយគ្រឿងត្រូវបានអ្នករើសស្វាយចន្ទីប្រទះឃើញនៅក្នុងអណ្តូង ក្នុងព្រៃចំការចន្ទី។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអងស្រុកកូនមុំ ខេត្តរតនគិរី។
លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងកងរាជអាវុធហត្ថស្រុកចុះត្រួតពិនិត្យដល់កន្លែង និងរើកកាយគ្រោងឆ្អឹងសាកសពជនរងគ្រោះ និងម៉ូតូចេញពីក្នុងអណ្ដូងនោះ។
ក្រោយពីពិនិត្យធ្វើកោសល្យវិច័យច្បាស់លាស់ទើបដឹងថា សពជនរង្គ្រោះនោះមានឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរដើរទិញឈើឌុប និងម៉ូតូយកមកលក់ក្នុងក្រុងបានលុង ត្រូវគេវាយច្រកការុងទម្លាក់ក្នុងអណ្ដូង។
តាមប្រភពពីប្រពន្ទជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់គាត់បានបាត់ខ្លួនជាង៣ខែមកហើយ បន្ទាប់ពីមានគេទូរស័ព្ទហៅចេញពីផ្ទះ ហើយរូបគាត់ជាប្រពន្ធបានប្ដឹងសមត្ថកិច្ច ព្រមទាំងបាននាំសាច់ញាតិមិត្តភក្ដិ បានជួយស៊ើប និងដើររកគ្រប់ទីកន្លែងទាំងអស់ នៅតែមិនឃើញ ។ រហូតមកដល់ពេលនេះ ទើបអ្នករើសចន្ទី បានប្រទះឃើញម៉ូតូ និងគ្រោងឆ្អឹងដោយចៃដន្យ នៅក្នុងអណ្ដូងក្នុងព្រៃចន្ទីនេះតែម្តង ។
តាមការរៀបរាប់ពីប្រពន្ធសពបានឲ្យដឹងទៀតថា ប្ដីគាត់(សពរងគ្រោះ)តែងតែជិះម៉ូតូដើរទិញឈើរហូតដល់ភូមិរំពាត់ និងភូមិតាឡាត់ ខេត្តស្ទឹងត្រែង ហើយគាត់បាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ នៅថ្ងៃនោះប្ដីគាត់បានឌុបឈើ១ដុំមកដល់ផ្ទះ ហើយងូតទឹក ស្រាប់តែមានគេទូរស័ព្ទហៅគាត់ឲ្យទៅមើលឈើ គាត់ក៏ជិះម៉ូតូចេញទៅនៅចន្លោះម៉ោង២ទៅម៉ោង៣រសៀល រហូតដល់ល្ងាចថ្ងៃដដែល ប្រហែលជាម៉ោង៥ កូនស្រីគាត់ក៏ទូរស័ព្ទទៅរកឪពុក តែមិនមានអ្នកលើកកូនស្រីគាត់ ក៏ទូរស័ព្ទចូលលើកទី២ ស្រាប់តែមានគេចុចបិទ បន្ទាប់មកចុចទូរស័ព្ទលែងចូលរហូត ។
ប្រពន្ធសពជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីបាត់ប្ដីមិនមានដំណឹងបែបនេះ រហូតជាច្រើនថ្ងៃ ខែមកហើយ គ្មានតម្រុយយសោះ ទើបគាត់សម្រេចចិត្តធ្វើបុណ្យគម្រប់១០០ថ្ងៃ ជូនប្ដីគាត់កាលពីថ្ងៃទី៥ថ្ងៃមីនាផងដែរ។
បើតាមការពិនិត្យសន្និដ្ឋានជំហ៊ានដំបូង លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការខេត្ត បានឲ្យដឹងថា ករណីនេះ ជាអំពើឃាតកម្មពិតប្រាកដណាស់ ដោយគ្រោងឆ្អឹងក្បាលមានសភាពបែកខ្ទេច ដូច្នេះជនរងគ្រោះស្លាប់ដោយសារគេវាយបំបែកក្បាល ហើយច្រកការ៉ុងទម្លាក់ចូលក្នុងអណ្ដូងតែម្តង។
លោកបានបន្តថា ជនដៃដល់បានយកសពទម្លាក់ចូលក្នុងអណ្ដូងមុនទើបយកម៉ូតូជនរងគ្រោះទំលាក់តាមក្រោយ ក៏ប៉ុន្តែម៉ូតូមិនបានធ្លាក់ដល់បាតអណ្ដូងទេ ហើយជនដៃដល់បានយកចំនៀរឈើមកគ្របពីលើមាត់អណ្ដូង តែពេលនេះ ប្រជាពលរដ្ឋដើររើសគ្រាប់ស្វាយចន្ទី ក៏មានការសង្ស័យបើកវែកចំនៀរឈើនោះ ក៏ប្រទះឃើញម៉ូតូនៅទើរពាក់កណ្តាល់អណ្តូង រួចហើយក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចតែម្ដងឱ្យមកត្រួតពិនិត្យក៏ប្រទះឃើញទាំងគ្រោងឆ្អឹងសាកសពច្រកការ៉ុងនៅបាតអណ្តូងនោះទៀតផង ។
ក្រោយជួបហេតុការណ៍បែបនេះ សមត្ថកិច្ចជំនាញបាននិងកំពុងតែស្រាវជ្រាវបន្តដើម្បីវែករកមុខឃាតកដៃដល់នោះយកមកផ្ដន្ទាទោសតាមច្បាប់។
ឯគ្រោងឆ្អឹងសាកសពជនរង្គ្រោះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត