ខេត្តរតនគិរី ៖ បុរសម្នាក់ឡើងបេះផ្លែសំរ៉ងមិនប្រយ័ត្នក៏របូតដៃធ្លាក់មកដីបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវ៉ើនសៃ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចភ្នំអូរឡាឡៃ ជាប់ព្រំប្រទល់ប្រទេសឡាវ ស្ថិតនៅក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។
ប្រភពពីមន្ត្រីនគរបាលស្រុកវ៉ើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រ វែង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារសាច់ញាតិបានដឹកបញ្ជូនតាមម៉ូតូយកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវ៉ើនសៃហើយក៏ដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយដាច់ខ្យល់ស្លាប់ សាកសពត្រូវបានតម្កល់នៅមណ្ឌលសុខភាពស្រុកវ៉ើនសៃរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត