ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាព លួចកាបូបស្ពាយរបស់បុរសជនជាតិចិនម្នាក់បានសម្រេច កាលពេលកន្លង ។
ដោយក្នុងនោះមានលុយរហូតទៅ ដល់ចំនួន២៤០០ដុល្លារ រួមទាំងរបស់របរមួយចំនួនទៀងផងដែរនោះ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅម្តុំខាងក្រោយសាលា វ៉ាន់ ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា យុវជនដែលឃាត់ខ្លួននេះមានឈ្មោះ ឌី សុផា អាយុ២០ឆ្នាំ មុខរបរ រើសអេតចាយ មានទៅលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួក ម្នាក់ទៀតមានឈ្មោះ អាដំដី (រត់គេចខ្លួនបាត់)។
ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ កន្លងមកនេះ ពួកគេទាំង២នាក់ បានធ្វើសកម្មភាពលួចយកការបូបស្ពាយមួយរបស់បុរសជនជាតិចិនម្នាក់នៅម្តុំផ្សារសុវណ្ណា រួចក៏គេចខ្លួនបាត់ស្រមោល ដោយនៅក្នុងកាបូបនោះមានលុយចំនួន ២៤០០ដុល្លារ ទូរស័ព្ទដៃម៉ាក Iphone 6plus មួយគ្រឿង រួមទាំងលិខិតឆ្លងដែន និងរបស់របរមួយចំនួនទៀតផងដែរ។ លុះស្អែកឡើងក្នុងថ្ងៃទី ១៨ ខែ មេសា ទើបបុរសជនជាតិចិនខាងលើបានមកដាក់ពាក្យបណ្តឹង ហើយកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានស្រាវជ្រាវតាមរយ:កាមេរ៉ាសុវត្ថិភាពបានស្គាល់ និង ឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យម្នាក់ លុះព្រឹកថ្ងៃទី ១៩ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅរកកន្លែងដែលគេបានបោះចោល កាបូបស្ពាយ ដើម្បីយកមកវិញតែរកមិនឃើញឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកក៏បាននាំខ្លួនជនសង្ស័យមកសាកសួរ ដើម្បីស្វែងរកឃាត់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួន និងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ