ខេត្តកណ្តាល ៖ ប្រភពព័ត៌មានបានឲ្យ ដឹងថា កាលពីព្រឹកថ្ងៃសុក្រ ៦កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៨មេខ្យល់ ៣នាក់នៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល បានប្រមូលប្រជាពលរដ្ឋឲ្យផ្តិតមេដៃលក់បឹងធម្មជាតិជាបន្តទៀតក្នុងសកម្មភាព យ៉ាងព្រហើន និងផ្គើនទៅនឹងវិធានការរដ្ឋបាលរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត កណ្ដាលដែលបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ទង្វើខុសច្បាប់នេះដើម្បីការពារសម្បត្តិធម្មជាតិឲ្យនៅគង់វង្ស ។
មេឃុំជ័យធំលោកស្រី ប៊ុន សុគាំ បាន មានប្រសាសន៍ថា មេខ្យល់លក់បឹងកំពុង ប្រមូលផ្តុំប្រជាជនឲ្យទទួលប្រាក់ក្នុងម្នាក់១០០ដុល្លារជាថ្នូរនឹងការផ្តិតមេដៃនៅលើឯកសារលក់ទិញខុសច្បាប់ ។
លោកស្រីបានបន្តថា មន្ត្រីកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាលបានចេញដំណើរទៅកាន់ចំណុចប្រជាជនប្រមូលផ្តុំគ្នាផ្តិតមេដៃដើម្បីរារាំងទង្វើខុសច្បាប់របស់ពួកគេ ប៉ុន្តែមិនទាន់បញ្ជាក់ពីវិធានការផ្លូវច្បាប់នៅឡើយទេ ។
ដោយសារពិនិត្យឃើញសកម្មភាពដ៏ព្រហើនបែបនេះលោកស្រីមេឃុំបានធ្វើ របាយការណ៍បន្ទាន់មួយជូនលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលដើម្បីជ្រាបនិង មានវិធានការទប់ស្កាត់ ព្រោះមេខ្យល់ហាក់ដូចជាមិនគោរពអាជ្ញាធរមូលដ្ឋានឡើយ។ ផ្ទុយទៅវិញពួកគេមានតែកំញើញមន្ត្រីក្នុងមូលដ្ឋានទៀតផង ។
យោងតាមរបាយការណ៍សាលាឃុំជ័យធំបានឲ្យដឹងថា មេខ្យល់ដែលទទួលយក លុយពីក្រុមហ៊ុនទុច្ចរិតទៅចែកប្រជាពល រដ្ឋដើម្បីផ្តិតមេដៃលក់បឹងនេះមានឈ្មោះ ម៉ៅ សឿន, គឹម ឡុក និងឈ្មោះ យឿន រ៉ា ដែលមានលំនៅឋានក្នុងឃុំនេះ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក ម៉ៅ ភិរុណ បានបញ្ជាឲ្យអាជ្ញាធរមូល ដ្ឋានក្នុងស្រុកខ្សាច់កណ្ដាលចាត់វិធានការទប់ស្កាត់សកម្មភាពប្រើល្បិចយកបឹងធម្មជាតិរបស់រដ្ឋដោយខុសច្បាប់ទៅធ្វើជាកម្ម សិទ្ធិដោយព្រមានចាត់វិធានការផ្លូវច្បាប់គឺចាប់ខ្លួនមេខ្យល់និងឈ្មួញទុច្ចរិតដាក់ពន្ធនាគារកាត់ទោសតាមច្បាប់ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ថា មេខ្សល់ យ៉ាងហោចណាស់មាន៣នាក់បានប្រមូលប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីប្រមាណ ៥០នាក់ដោយជួបជុំគ្នានៅក្នុងវត្តកំពង់ ចម្លងឲ្យផ្តិតមេដៃលើឯកសារលក់ដីបឹង មួយឈ្មោះបឹងខ្យង ទំហំប្រមាណ១០០ ហិកតា ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ដោយទទួលបានប្រាក់ចំនួន១០០ដុល្លារក្នុងម្នាក់ ។
លោកអភិបាលខេត្តកណ្តាលបាន ថ្លែងថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាមូលដ្ឋានចាត់ វិធានរដ្ឋបាលដើម្បីទប់ស្កាត់ហើយ និងហាម មេឃុំ និងប្រធានភូមិមិនឲ្យចុះហត្ថលេខាលើឯកសារលក់ទិញនោះឡើយ» ។
ជាការឆ្លើយតបចំពោះសកម្មទុច្ចរិត របស់ឈ្មួញលោកស្រី ប៊ុន សុគាំ មេឃុំជ័យ ធំបានកោះប្រជុំប្រធានភូមិនិងអនុប្រធានភូមិជាបន្ទាន់ដើម្បីពិភាក្សាគ្នាចាត់វិធានការទប់ស្កាត់ និងស្វែងរកមុខមេខ្យល់ធ្វើចលនា បំផុសប្រជាជនឲ្យលក់បឹងខ្យងនេះ។ លោក ស្រីអះអាងថា ប្រជាពលរដ្ឋលក់បឹងនេះ ដូចលក់ឆ្នាំងបាយខ្លួនឯង ព្រោះថ្ងៃក្រោយអស់បឹងសម្រាប់យកទឹកធ្វើស្រែ ។
ព្រមជាមួយគ្នានេះដែរលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាលោកបានប្រាប់ទៅអាជ្ញាធរឃុំជ័យធំចាត់វិធានការទប់ស្កាត់សកម្មភាពទិញបឹងខ្យងនេះរួចហើយបន្ទាប់ពីទទួលបានសេចក្តី រាយការណ៍ថា មានការប្រមូលផ្តុំប្រជាពល រដ្ឋផ្តិតមេដៃលើលិខិតលក់ដើម្បីជាថ្នូរទទួលបានប្រាក់១០០ដុល្លារក្នុងមួយគ្រួសារ ។
កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨ប្រធានភូមិ និងអនុប្រធានភូមិសរុប ប្រមាណ១០នាក់មកពីភូមិចំនួន៦គឺ ភូមិ ព្រែកថ្មី, ជ័យតូច, ជ័យធំ, តាគាត់លិច, តា គាត់កើត និងភូមិជ្រៃលាស់ បានមកចូលរួម ប្រជុំនេះផងដែរដើម្បីស្តាប់ការណែនាំ របស់លោកស្រីមេឃុំក្នុងការរិះរកវិធាន ការទប់ស្កាត់ទង្វើលក់បឹងធម្មជាតិដោយ ខុសច្បាប់ ។
ចំណែកលោក យ៉ែម យ៉ុន អតីតស្មៀន ឃុំជ័យធំដែលបានមកចូលរួមប្រជុំនោះដែរបានមានប្រសាសន៍ថា ដីបឹងខ្យងនេះមានទំហំប្រមាណ១០០ហិកតាអាចស្តុកទឹក បានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋទាំង៦ភូមិយកទៅស្រោចដីស្រែប្រាំង និង នេសាទត្រីជាលក្ខណៈគ្រួសារផងដែរ ។
ចំណែកការទិញបឹងពីសំណាក់ឈ្មួញ ទុច្ចរិតនេះលោកបានពណ៌នាថា ធ្វើឡើងក្នុងរូបភាពបោកប្រាស់ដោយបំផុស និង បំភ័យប្រជាជនថាបើមិនព្រមផ្តិតមេដៃលក់ ទៅថ្ងៃអនាគតក៏គេយកដែរ ដូច្នេះទើបប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃដើម្បីយកលុយ ៕ ហេង សូរិយា