ខេត្តកោះកុង ៖ ស្រ្តីតំណាងអ្នកភូមិម្នាក់ ត្រូវបានលោក វាំង វីរៈ ប្រធានក្រុមប្រឹក្សាឃុំតានួនបានគំរាមកំហែងដល់អាយុជីវិត ដោយសារតែហ៊ានចេញមុខតវ៉ា និងប្តឹង មន្ត្រីពាក់ព័ន្ធមួយចំនួនមានថ្នាក់ខេត្ត ស្រុក និងឃុំទៅកាន់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា ពីបទឃុបឃិតគ្នារំលោភលើសេចក្តីទុកចិត្តរបស់ពួកគាត់ ។
ស្រ្តីឈ្មោះ គុណ សៅ តំណាងអ្នកភូមិ ចំនួន៩៣គ្រួសារ ក្នុងភូមិតានួន ឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុងបានថ្លែង ថា ស្រ្តដែលលោកមេឃុំគំរាមកំហែងដល់ អាយុជីវិត ព្រោះតែហ៊ានចេញមុខប្តឹងពួកគេទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីតវ៉ាទារដីស្រែចំការរបស់ពួកគាត់មកវិញ ដោយ សារក្រុមហ៊ុនចិន Union Development Group (UDG) ឈូសឆាយរំលោភយកមិនទាន់មានដំណោះស្រាយជាសំណងសមស្របនោះឡើយ ។
ស្រ្តីជាតំណាងអ្នកភូមិខាងលើបានបន្ត ទៀតថា ពួកគាត់ដែលរងផលប៉ះពាល់ដោយសាររឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិននេះគឺមិនចង់ទាមទារអ្វីជ្រុលហួសហេតុទេសូមឲ្យសមស្របតាមភាពជាក់ស្តែងនៃគ្រួសារនីមួយៗ ។ អ្នកភូមិដែលបាត់បង់ដីធ្លីដោយក្រុមហ៊ុនចិន Union Development Group ពួកគាត់ចង់បានត្រឹមតែដូចអ្វីដែលថ្នាក់លើសន្យាគឺ៨.០០០ដុល្លារក្នុង១ហិកតាឬផ្លាស់ប្តូរជាដីធ្លីមកវិញក៏បាន។
អ្នកស្រី គុណ សៅ តំណាងអ្នកភូមិ តានួន បញ្ជាក់ថា ពលរដ្ឋក្នុងឃុំតានួន ស្រុកបទុមសាគរភាគច្រើនរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិននេះ ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយជួនពួកគាត់ឲ្យបានឆាប់រហ័សផង។
ប្រភពបន្តថាដីដែលឃ្វៀលស្បែកខ្លា សម្រាប់ដោះស្រាយជូនពលរដ្ឋនោះក៏មិន ទាន់ផ្តល់ជូនគ្រប់គ្នាទេ។ ពេលពលរដ្ឋសួរនាំអស់លោកមន្ត្រីឃុំប្រាប់ថា បើចង់បានដីសូមទៅតវ៉ានៅអន្តរក្រសួងទៅខាងឃុំអត់ដឹងឡើយ ។
តំណាងអ្នកភូមិបញ្ជាក់ថា តាមគោល នយោបាយចរចគ្នាគឺខាងក្រុមហ៊ុន និង អាជ្ញាធរបានសន្យាផ្ដល់ឲ្យ ៨.០០០ដុល្លារ ក្នុង១ហិកតា ក្នុងអំឡុងឆ្នាំ២០០៩ ប៉ុន្តែ ពលរដ្ឋខ្លះទទួលបានត្រឹមតែ៣០០ទៅ ៥០០ដុល្លារ ក្នុង១ហិកតា និងភាគតិចបំផុតដែលទទួលបានប្រាក់ដំណោះស្រាយបានច្រើន ។
សូមបញ្ជាក់ថា ក្រុមហ៊ុនចិន Union Development Group បានឈូសឆាយដី ស្រែរបស់ប្រជាពលរដ្ឋនៅត្រង់ចំណុចព្រែកស្វាយ ភូមិតានូន ឃុំតានូន ស្រុកបុទុម សាគរគឺជាការបំពាន ស.ជ.ណ លេខ៣១៥ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលបានឲ្យក្រុមហ៊ុនចិនផ្អាកការឈូសឆាយ បណ្តោះអាសន្ន រង់ចាំការដោះស្រាយ។ ពេលនេះប្រជាពលរដ្ឋរងគ្រោះចាប់ផ្ដើម អស់សង្ឃឹមបន្ទាប់ពីបានឃើញថាសកម្មភាពឈូសឆាយដីស្រែពីសំណាក់ក្រុម ហ៊ុនចិនដដែល។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨កន្លងមកនេះពលរដ្ឋចំនួន៩៣ គ្រួសារ រស់នៅឃុំ តានូន ស្រុកបទុមសាគរ ខេត្តកោះកុង បានប្តឹងលោក អន ភារៈ អភិបាលរងខេត្តកោះកុង ដែលជាអតីតអភិ បាលស្រុកបទុមសាគរ, លោក វាំង វីរៈ មេឃុំតានូន និងមន្ត្រីសុរិយោដីស្រុកឈ្មោះ ពៅ ចាន់ថន ដោយចោទថា បានឃុបឃិតគ្នារំលោភលើសេចក្តីទុកចិត្តរបស់ពលរដ្ឋក្នុងគោលនយោបាយដោះដូរដីស្រែចម្ការ ផ្ទះជាមួយក្រុមហ៊ុន ចិន Union Development Group។
ក្រោយពីទទួលបានពាក្យបណ្តឹងពី ពលរដ្ឋ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន បានចេញដីកា បញ្ជូនចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ជូនទៅលោកស្រីអភិបាលខេត្តកោះកុង ដើម្បីពិនិត្យសំណើ និងដោះស្រាយជួន ពលរដ្ឋ។
នាពេលកន្លងមកដីស្រែចំការ និងផ្ទះពួកគាត់ត្រូវបានក្រុមហ៊ុនឈូសឆាយដុតបំផ្លាញចោលមាន នៅចំណុចព្រែកស្វាយ និង តាទែនអស់ជាច្រើនខ្នង ស្ថិតក្នុងភូមិតានួន និងភូមិបាក់រនាស់ ឃុំតានួននិងស្រុក បទុមសាគរ ខេត្តកោះកុង។ ដីធ្លីផ្ទះសម្បែង របស់ពួកគាត់ជាដីកេរដំណែលពីដូនតា ត្រូវ បានក្រុមហ៊ុនចិនញូញៀនឈូសរំលោភ យក និងគ្មានដោះស្រាយជាសំណងជូន ពលរដ្ឋស្របតាមគោលការណ៍ក្នុង១ហិកតាតម្លៃ៨០០០ដុល្លារនោះឡើយ។ ពលរដ្ឋរងគ្រោះដោយទំនាស់ដីធ្លីកំពុងរងការឈឺចាប់ជាទីបំផុត ដោយគ្មានការឈឺឆ្អាលពីសំណាក់អាជ្ញាធរណាសូម្បីបន្តិចណាឡើយ។
លោក អ៊ូច ទូច នាយករដ្ឋបាលសាលា ខេត្តកោះកុងមិនអាចសុំការបំភ្លឺបានទេជុំវិញករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនឹង ក្រុមហ៊ុនចិន Union Development Group ដែលពលរដ្ឋកំពុងចោទប្រកាន់មន្ត្រីអ្នក ទទួលខុសត្រូវដោះស្រាយបញ្ហានេះរួមមាន លោក អន ភារៈ អភិបាលរងខេត្ត កោះកុង មន្ត្រីភូមិបាល និងអាជ្ញាធរឃុំនោះបានឃុបឃិតគ្នារំលោភលើសេចក្តីទុកចិត្តរបស់ពលរដ្ឋក្នុងគោលនយោបាយដោះដូរដីស្រែចម្ការ ផ្ទះជាមួយក្រុមហ៊ុន ចិន Union Development Group បានទេដោយប្រាប់យ៉ាងខ្លីថា លោកគ្មាន ពេលដើម្បីឆ្លើយឆ្លងជាមួយទេរង់ចាំពេលក្រោយចុះ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះមិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក វាំង វីរៈ មេ ឃុំតានួន និងលោក អន ភារៈ បានទេនៅ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ៕ ហេង សូរិយា