ព័ត៌មានទាន់ហេតុការណ៍៖

ចុះមុជទឹកទន្លេសេសាន្តម្នាក់ឯងលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកបាត់បង់ជីវិត ខណៈដែលគេចុះទៅងូតទឹកទន្លេម្នាក់ឯងមិនប្រយ័ត្ន ។

ហេតុការណ៍នេះ បានកើតបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចកំពង់ទឹក ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

ប្រភពពីមន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េ ដែត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឈូកស ឃុំរាប ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមករកស៊ីនៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពពីមន្ត្រីនគរបាលបន្តទៀតថា ដោយសារ ជនរងគ្រោះចុះទៅងូតទឹកទន្លេសេសាន្តតែម្នាក់ឯងហើយ ស្រាប់តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញបាត់បង់ជីវិតទៅហើយ រួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងបានចុះទៅអន្តរាគមន៍ ភ្លាម ។

ក្រោយពិនិត្យជនរងគ្រោះពិតជាបានលងទឹកស្លាប់ពិតប្រាកដមែន ហើយប្រគល់សាកសពទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត


ចែករំលែក៖