ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្ដបុកបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ ត្រូវបានរថយន្ដបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះខាងលើបានដើរឆ្លងផ្លូវមិនប្រយ័ត្ន ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣និង០៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិព្រៃធំ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ជាមនុស្សមានសតិមិនគ្រប់គ្រាន់ ពុំស្គាល់អត្ដសញ្ញាណ ។ ចំណែករថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង បានដើរតាមបណ្ដោយផ្លូវជាតិលេខ៨ លុះដើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនរងគ្រោះបានដើរឆ្លងផ្លូវ ដោយពុំមើលឆ្វេងមើលស្ដាំនោះទេ ខណៈនោះក៏មានរថយន្ដមួយគ្រឿងបើកក្នុងល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់ បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង បញ្ជាក់ថា ករណីខាងលើនេះ គឺបណ្ដាលមកជនរងគ្រោះឆ្លងផ្លូវមិនប្រយ័ត្ន ទើបបានជាត្រូវរថយន្ដបុកស្លាប់បែបនេះ ។ ចំពោះករណីខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖