ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងហោចណាស់២អាណត្តិទៅមុខទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងហោចណាស់២អាណត្តិទៅមុខទៀត ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលឃើញបងប្អូនជនរួមជាតិរស់នៅសុខស្រួលជាមួយនឹងស្នាមញញឹមគ្រប់ទីកន្លែង។ កាលពីម្សិល ខ្ញុំបានទៅសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិនៅកោះរ៉ុង ដែលជាឆ្នេរមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ សព្វថ្ងៃនេះ វិស័យទេសចរណ៍កំពុងរីកលូតលាស់ដែលបានផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងសន្ឋឹកសន្ឋាប់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋកម្ពុជាក៏អាចធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះកាន់តែងាយស្រួលទៀតផង។

ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងហោចណាស់២អាណត្តិទៅមុខទៀត។

អរគុណបងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែគណបក្សប្រជាជនតាំងពីដើមរហូតមក។

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រុងចម្រើនក្នុងគ្រួសារ និងមានសំណាងល្អគ្រប់ៗគ្នា» ៕


ចែករំលែក៖