ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Chen Wu អភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោក Chen Wu បានកោតសរសើរយ៉ាងខ្លាំចំពោះការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសកម្ពុជានាពេលនេះ លោកសង្កេតឃើញថាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ហើយលោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងមកតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការរៀបចំពិពរណ័អាស៊ាន-ចិន នៅទីក្រុងណាននិង ហើយលោកបានជម្រាបជូនសម្តេចតេជោថា ដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺ ទី១ដើម្បីគោរពអញ្ជើសម្តេចតេជោ អញ្ជើញចូលរួមពិពរណ័អាស៊ាន-ចិន នៅទីក្រុងណាននិង លើកទី១៥ នាពេលខាងមុខនេះ ក្នុងនាមជាប្រទេសកិត្តិយស។ ជាមួយគ្នានោះលោកក៏បានធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរដើម្បីធ្វើយ៉ាងណារៀបចំពិពរណ័នេះអោយមានភាពល្អ និងទាក់ទាញ និង ទី២ក្នុងគោបំណងជម្រាបជូនសម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្វាងស៊ី និងកម្ពុជា ដែលកន្លងមកបានអនុលោមតាមសេចក្តីសម្រេច និងការព្រមព្រៀងគ្នារវាងសម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជីនពីង ពាក់ព័ន្ធនឹងពិពរណ័ អាស៊ាន-ចិន នេះ គឺខេត្តក្វាងស៊ីបានជំរុញការវិនិយោគចិនអោយមកវិនិយោគនៅកម្ពុជាយើង លើវិស័យផ្សព្វផ្សាយ តាមទូរទស្សន៍ ការផ្សព្វផ្សាយពីរោងចក្
រកិនអង្ករ វិស័យទេសចរណ៍ ហើយពេលនេះមានការហោះហើរត្រង់ពីខេត្តក្វាងស៊ី មកកាន់ទីក្រុងភ្នំពេញហើយ។ នៅពេលខាងមុខ នឹងមានការហោះហើរត្រង់ពីខេត្តក្វាងស៊ីទៅខេត្តសៀមរាបផងដែរ។ លោកបានបញ្ជាក់ថាប្រសិនបើត្រឹម ០.២% នៃពលរដ្ឋចិននៅខេត្តក្វាងស៊ី មកទស្សនកិច្ចកម្ពុជាគឺមានន័យថាស្មើនឹងប្រមាណជាង១០ម៉ឺននាក់នៃទេសចរមកកម្ពុជាផងដែរ។ លោកបានបន្តថា នៅថ្ងៃនេះផងដែរ នឹងមានការចុះហត្ថលេខា លើអនុស្សារណៈសហការគ្នាដើម្បី ឃើញកិច្ចអភិវឌ្ឍកំពង់ផែ នៅខេត្តកំពត។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបាននាំមកនូវ ផលិតផលកសិកម្ម ជាអង្គប្រមាណ ១៦០ តោន ជូនដល់សម្ដេចតេជោផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែង អំណរគុណចំពោះការលើកឡើងទាក់ទងនឹងការអភិវឌ្ឍ ក្នុងប្រទេសកម្ពុជាហើយសម្ដេចក៏បានលើកឡើងផងដែរ ពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកម្ពុជា ចិន គឺកំពុងឈានដល់កម្រិតខ្ពស់មួយ ហើយក៏មានភាពរឹងមាំផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មអាស៊ានចិននៅទីក្រុងណានិង របស់ខេត្តក្វាងស៊ី នាពេលខាងមុខ ហើយសម្តេចក៏បានគាំទ្រចំពោះអ្នកវិនិយោគិនចិនមកពីខេត្តក្វាងស៊ីមករកស៊ីនៅកម្ពុជា ។
ដោយឡែក ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍកំពង់ផែ នៅខេត្តកំពត សម្ដេចតេជោបានលើកឡើងថា កំពង់ផែនេះមានសារៈសំខាន់ណាស់ ហើយអាចជារបៀងមួយទៀត ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ សម្តេចតេជោមានប្រសាសន៍ថារបៀងនោះ មានសារសំខាន់ស្របពេលដែល កម្ពុជានឹងមានការពង្រីកផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយជាងមុនទៅកាន់ខេត្តកំពត ដែលនឹងកាត់បន្ថយការចំណាយពេលវេលាយូរសម្រាប់ដឹកជញ្ជូនទំនិញពីខេត្តកំពតមកកាន់រាជធានីភ្នំពេញ ខណៈអមសងខាងតំបន់ផ្លូវជាតិលេខ៣នេះ មានរោងចក្រ និងបណ្ដាញវារីអគ្គីសនីសំរាប់ផ្គត់ផ្គង់ប្រើប្រាស់ទៀតផង ដែលនេះជាអំណោយផល នៅក្នុងការធ្វើជាច្រករបៀងសេដ្ឋកិច្ចមួយបន្ថែមទៀត។ ពាក់ព័ន្ធអង្គរកសិកម្ម ដែលជាជំនួយមនុស្សធម៌ ចំនួន១៦០តោន ស្មើ១លានយ័ន ដែលលោក Chen Wu ប្រគល់ជូនសម្ដេចនេះ សម្ដេចតេជោនឹងយកទៅផ្តល់ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការជួយដល់ពលរដ្ឋរងគ្រោះ ក្នុងវិស័យមនុស្សធម៌៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ