ភ្នំពេញ៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ មកដល់ពេលនេះឈានដល់ចាក់បេតុងស៊ីផាយបានជាង៩០ភាគរយហើយ ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃទី២៤ មេសាឆ្នាំ២០១៨ ថា៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។លោកបញ្ជាក់ថា៖ លើគម្រោងនេះ យើងបានបែងចែកជា៤តំណាក់កាល ដោយតំណាក់កាលទី១ មានប្រវែង ៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួនបានជាង៩០ភាគរយហើយ ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជា ពលរដ្ឋ ក្រុមការងារក៏បានចាក់បានចំនួន៩៥ភាគរយហើយដែរ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយគឺយើងអនុវត្តការងារសម្រេចបាន១០០ភាគរយហើយ។
សូមបញ្ជាក់ថា៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង ១៤៩៨ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕ សំរិត