ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP របស់អាមេរិករហូតដល់ដំណាច់ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖ ការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកដល់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះ ពន្ធទូទៅ GSP ដែលផុតសុពលភាពត្រឹមឆ្នាំ២០១៧កន្លងទៅបានបន្តអាយុកាល ឡើងវិញរហូតដល់ដំណាច់ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ ៦កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី២០ ខែខែមេសា ឆ្នាំ២០១៨ ។

ការបន្តសុពលភាពនៃការអនុគ្រោះពន្ធ GSP នេះកើតឡើងបន្ទាប់ពីលោកប្រធានាធីបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន ចុះហត្ថលេខាលើច្បាប់មួយ។ ការបន្តឡើងវិញនៃGSPនេះចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ រហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

សេចក្ដីជូនដំណឹងខាងលើបញ្ជាក់ថា អ្នកនាំចូលទៅសហរដ្ឋអាមេរិកចាប់ពីខែ មករាក្រោមរបបអនុគ្រោះ GSPនេះអាចស្នើសុំដកប្រាក់ពន្ធដែលបានបង់រួចមកវិញបាន។ កម្ពុជាទទួលបានអត្ថប្រយោជន៍

អនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP នេះលើ ផលិតផលធ្វើដំណើរ (Travel Goods) ជាពិសេសផលិតផលកាបូបចាប់ពីចុងឆ្នាំ ២០១៦។ ចំពោះទឹកប្រាក់នាំចេញទំនិញប្រភេទនេះទៅអាមេរិកក្នុងរយៈពេល១១ខែឆ្នាំ២០១៧កន្លងទៅមានទំហំ២០០ លានដុល្លារដោយរួចប្រាកពន្ធដែលត្រូវ បង់សរុប១០លានដុល្លារ ។

ការអនុគ្រោះពន្ធនេះបានបង្កើនសន្ទុះ វិនិយោគលើវិស័យនេះនៅកម្ពុជាពីសំណាក់វិនិយោគិនបរទេសដោយការនាំចេញកាលពីឆ្នាំ២០១៥មានទំហំតែ៤៨លានដុល្លារ ប៉ុណ្ណោះ ព្រោះថាការអនុគ្រោះនេះបាន ផ្ដល់ឱកាសប្រកួតប្រជែងកាន់តែច្រើន ដល់វិនិយោគិនទាំងនោះ ។

ជាមួយគ្នានេះដែរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបានសរសេរសារ សម្តែងការអបអរសាទរ និងកោតសរសេីរដែលសហរដ្ឋអាមេរិកដែលបានសម្រេច បន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដល់កម្ពុជា។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន សរសេរថា ក្រសួងពាណិជ្ជកម្មបានប្រកាស ឲ្យពាណិជ្ជករដែលនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឲ្យទៅដាក់ពាក្យស្នើសុំដកប្រាក់ពន្ធដែលបានបង់រួចហេីយនោះយកមកវិញ ។

ហេតុដូច្នេះការសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅនៃការនាំទំនិញទៅកាន់ ទីផ្សាររបស់សហរដ្ឋអាមេរិកឡេីងវិញនេះ គឺជាការសម្រេចចិត្តដ៏យុត្តិធម៌ និងគួរឲ្យកោតសរសេីរបំផុតដល់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបាន ផ្តល់យុត្តិធម៌ដល់កម្ពុជា ។

លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះវាគឺជាការបរាជ័យមួយថែមទៀតយ៉ាង អាម៉ាស់បំផុតនៃក្រុមចលនាឧទ្ទាមក្រៅ ច្បាប់របស់ទណ្ឌិត សម រង្សុី ដែលធ្លាប់បានញុះញង់ឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលេីកម្ពុជា តែទីបំផុតអ្នកដែលក្អួតឈាម និងទទួលផលកម្មវិនាសអន្តរាយខ្លួនឯង គឺទណ្ឌិតក្បត់ជាតិ សម រង្សុី ទៅវិញទេ ហេីយអំពេីបាបកម្មនេះមិនចាំបាច់ជាតិក្រោយនោះទេ ។

សូមឲ្យចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានឹងសហរដ្ឋអាមេរិកកាន់តែរឹងមាំ និងស្ថិតស្ថេរ ជានិច្ច ៕ ហេង សូរិយា


ចែករំលែក៖