ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សរសើរមេដឹកនាំគីមជុងអ៊ុន

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែមេសា នៅក្នុងជំនួប ជាមួយសមភាគីបារំាង លោក Emmanuel Macron នៅសេតវិមាន ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានពិភាក្សាលើ បញ្ហាសំខាន់ៗ ក្នុងនោះមានទាំងបញ្ហាកូរ៉េ ខាងជើង ផងដែរ។

លោកត្រាំ បានបញ្ជាក់ថា ភាគីកូរ៉េ ខាងជើង ចង់ឲ្យមានជំនួបពិភាក្សាជាន់ ខ្ពស់ រវាងអាមេរិក នឹងកូរ៉េខាងជើង កាន់ តែឆាប់កាន់តែល្អ ។ ទន្ទឹមនឹងនោះ លោក ត្រាំក៏បានសរសើដល់លោកគីម ជុងអ៊ុនថា ជាបុគ្គលដែលមានចិត្តទូលាយ គួរឲ្យគោ រព។ ការសរសើរខាងលើរបស់លោកត្រាំគឺផ្ទុយពីអ្វីដែលលោកបាននិយាយកាលពីមុន ដោយលោកត្រាំចាត់ទុក លោកគីម ជុងអ៊ុន ថាជា«មនុស្សមីស៊ីលដ៏តូច»។

លោកត្រាំបញ្ជាក់ថា «យើងនិងលោក មានជំនួបពិភាក្សា ជាមួយ មេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន នៅពេលដ៏ខ្លីខាងមុខ ។ យើងបានប្រកាសដោយផ្ទាល់ ថាកូរ៉េ ខាងជើង ចង់ជួបពិភាក្សាឲ្យបានឆាប់បំផុត ដែលអាចធ្វើទៅបាន។ អ្វីដែលយើងបាន ឃើញនាពេលនេះ គឺលោកគីម ជុងអ៊ុនជាបុគ្គលដែលមានភាពឆ្លាតវៃនិងចិត្តទូលាយគួរឲ្យគោរព»។

ជំនួបពិភាក្សារវាង លោកត្រាំនិងគីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ដើម្បីពិភាក្សាទៅលើ ការលុបបំបាត់អាវុធបរមាណូនៅកូរ៉េខាងជើង ។

នៅពេលនេះដែរកូរ៉េខាងជើងបាន ប្រកាសថា នឹងបញ្ចប់កម្មវិធីបរមាណូ ដើម្បីសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ។ កន្លងមកកូរ៉េខាងជើង បានប្រកាសផ្អាក រាល់សកម្មភាព សាកល្បងអាវុធមីស៊ីល និងបរមាណូ ក៏ដូចជាបិទទីតាំងសាកល្បង បរមាណូ ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ក៏បានអនុញ្ញាតឲ្យ អង្គការត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិ ចូលទៅពិនិត្យ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា កូរ៉េខាងជើង ពិតជាផ្អាករាល់សកម្មភាពប្រាកដមែន។

ជាមួយគ្នានោះដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិក នឹងលុបទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ព្រមបោះ បង់កម្មវិធីបរមាណូ នោះ។ កន្លងមកមេ ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនធ្លាប់បាន ប្រកាសថា ប្រសិនបើមានការធានាដល់ សន្តិសុខ និងមានសន្ធិសញ្ញាសន្តិភាពនោះ ទីក្រុងព្យុងយ៉ាង នឹងផ្អាករាល់សកម្មភាព ផលិតអាវុធ ។

ចំណែកក្រុមអ្នកវិភាគនៅតែមិនទាន់មានទំនុកចិត្ត ទៅលើកូរ៉េខាងជើងទាំង ស្រុងនៅឡើយ ទេ ដោយសារតែប្រវត្តិ សាស្ត្រ បានឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង ដែលបានកើតឡើង ជាច្រើន លើកច្រើនសា រួចមកហើយ។ នេះមិនមែនមានន័យថា មហាអំណាច មួយនេះមិនអាចព្យាយាមជាថ្មីនោះទេ ប៉ុន្តែការចាប់ផ្ដើមជាថ្មី ទាមទារជាខ្លាំង នូវការត្រៀមរៀបចំ យ៉ាងហ្មត់ចត់នៅមុន កិច្ចជំនួបដ៏កម្រនេះ ដោយធ្វើឱ្យប្រាកដថា កិច្ចជំនួបនេះ ពិតជាអាចផ្តល់ផលផ្លែផ្កាតាមការគ្រោងទុក ព្រោះយើងដឹងហើយថា កន្លងមក រដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្លាប់បានលុបចោលនូវក្តីសង្ឃឹមរបស់អន្តរជាតិ ម្តងហើយម្តងទៀត ហើយបន្តឥរិយាបថ ផ្លាស់ប្តូរឥតឈប់ឈរ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើង ថា នៅមុនជំនួបពិភាក្សាជាន់ខ្ពស់ បើទោះបីកូរ៉េខាងជើងបន្ទន់ឥរិយាបថអាមេរិកត្រូវតែពិចារណា ហើយរក្សាស្ថានភាពដូចដើម ដើម្បីជំរុញកិច្ចពិភាក្សាឲ្យកាន់តែមាន ប្រសិទ្ធភាព ឈានដល់លទ្ធផលល្អបំផុត ដែលពិភពលោក ចងបាន។

-ទាមទារការបញ្ជាក់នូវភាពស្មោះត្រង់ពីកូរ៉េខាងជើង

ក្រៅពីការផ្តល់ឲ្យកូរ៉េខាងជើង នូវទំនុក ចិត្ត សហរដ្ឋអាមេរិកក៏ចាំបាច់ត្រូវតែទាមទារភាពស្មោះត្រង់ពីប្រទេសដ៏ក្រឡិច ក្រឡុច ដែលតែងតែផ្លាស់ប្តូរឥរិយាបថ ១៨០ដឺក្រេ មួយនេះផងដែរ។ ដើម្បីទទួលបាននូវភាពស្មោះត្រង់ពីកូរ៉េខាងជើង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវទាមទារឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្វើការប្តេជ្ញាចិត្តថាខ្លួនពិតជាមានបំណងចង់កែប្រែទំនាក់ទំនងឱ្យប្រសើរឡើងពិតប្រាកដ ឬយ៉ាង ណា។ អាមេរិកអាចដកពិសោធន៍កូរ៉េខាង ជើង តាមរយៈការទាមទារឱ្យដោះលែងអ្នកទោសអាមេរិកបីនាក់ ដែលកំពុងជាប់ឃុំ នៅកូរ៉េខាងជើង និងឱ្យកូរ៉េខាងជើង វិល ទៅគោរពតាមកិច្ចព្រមព្រៀង សន្តិភាព បន្ទាប់ពីសម័យសង្គ្រាមកូរ៉េជាដើម។

– កសាងទំនុកចិត្តដល់កូរ៉េខាងជើង

បើទោះបី ការលុបបំបាត់នុយក្លេអ៊ែរ ជាគោលដៅស្នូល សម្រាប់សហរដ្ឋអាមេ រិក ក្នុងកិច្ចពិភាក្សាជាប្រវត្តិសាស្ត្រជាមួយកូរ៉េខាងជើងក្តី ប៉ុន្តែការកសាងទំនុកចិត្ត សម្រាប់រដ្ឋាភិបាលផ្ដាច់ការដែលជាដៃគូ ពិភាក្សាមួយនេះ គឺជារឿងដែលសំខាន់ មិនអាចខ្វះបាន។ ដូចដែលយើងបានដឹង ហើយថា បញ្ហាអសន្តិសុខ និងការដួល រលំរបបកុម្មុយនីស្ត បានក្លាយជាក្តីបារម្ភ ដែលបានចាក់ឫសយ៉ាងជ្រៅទៅហើយ ក្នុងខួរក្បាលមេដឹកនាំកូរ៉េខាងជើង ហេតុ នេះរបបដឹកនាំដ៏ឯកាមួយនេះ ពិតជាគ្មានថ្ងៃលះបង់កម្មវិធីនុយក្លេអ៊ែរជាដាច់ខាត ដរាបណាមេដឹកនាំរូបនេះ នៅតែមានភាព សង្ស័យលើសហរដ្ឋអាមេរិក និងអន្តរ ជាតិ។

ហេតុនេះ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន គួរស្នើឱ្យមានកិច្ចពិភាក្សាណាមួយ ពាក់ ព័ន្ធនឹងការកសាងទំនុកចិត្តដោយភាព ច្បាស់លាស់ទុកជាមុន ដើម្បីបង្កើនតម្លា ភាព រវាងកងយោធាកូរ៉េខាងជើង នឹង យោធាសម្ពន្ធមិត្ត ព្រមទាំងកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

-ស្នើដាក់ចេញនូវរបៀបវារៈនៃកិច្ចប្រជុំ

ដាក់បញ្ចូលគ្នានូវរបៀបវារៈរួមមួយ សម្រាប់កិច្ចជំនួបកំពូល ដែលឆ្លើយតប តាមក្តីព្រួយបារម្ភ របស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ព្រមទាំងត្រូវគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅចុងក្រោយនៃកិច្ច ជំនួប គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងត្រូវអនុវត្តតាមយ៉ាងពេញលេញ ស្មោះត្រង់ និងគ្មានការផ្លាស់ប្តូរ។ ក្រៅពីនេះ របៀបវារៈនៃកិច្ចជំនួបជាមួយ លោកគីម ចាំបាច់ត្រូវតែស្របតាមលក្ខ ខណ្ឌព្រមព្រៀងរបស់មេដឹកនាំកូរ៉េខាង ជើងរូបនេះផងដែរ ដើម្បីបញ្ជៀសបញ្ហារាំង ស្ទះណាមួយ ដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃជំនួបពិតប្រាកដ។

កុំភ្លេចថា កិច្ចខិតខំប្រឹងប្រែងក្នុងការ ធ្វើទំនាក់ទំនងការទូតនាពេលកន្លងមក ជា​មួយរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ត្រូវបរា ជ័យជាច្រើន ដោយសារតែកិច្ចព្រមព្រៀង ខ្លីៗ មិនច្បាស់លាស់ ដែលធ្វើឱ្យភាគី ទាំងពីរ មានការយល់ឃើញ និងបកស្រាយ ខុសគ្នាៗ ពាក់ព័ន្ធនឹងអ្វីដែលពួកគេបាន ព្រមព្រៀងគ្នា ជាក់ស្តែងដូចជា ការរៀប ចំរបៀបវារៈនេះជាដើម។

-មិនត្រូវបន្ធូរបន្ថយទណ្ឌកម្ម

មតិខ្លះយល់ថា ការសម្រាលទណ្ឌកម្មចំពោះរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជាមធ្យោបាយមួយដើម្បីកាត់បន្ថយសម្ពាធ និង បង្កើនបរិយាកាសល្អសម្រាប់កិច្ចចរចា។ ប៉ុន្តែកុំភ្លេចថា មិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលប្រទេសកុម្មុយនីស្តមួយនេះ ផ្លាស់ប្តូរទង្វើរបស់ខ្លួនភ្លាមៗ ស្ទើរតាម មិនទាន់។ ការដកទណ្ឌកម្មពីប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានការខាតបង់ ដោយសារប្រទេសនេះ មិនចូលចិត្តប្រកាន់ ពាក្យសន្យា។ ហេតុនេះដរាបណា មិនទាន់មានកិច្ចចរចាប្រកបដោយផ្លែផ្កា អន្តរជាតិមិនគួរដកទណ្ឌកម្មលឿនពេកនោះទេ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែ បដិសេធរាល់ការអំពាវនាវ ឱ្យកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដូចដែលខ្លួនធ្លាប់ធ្វើកន្លងមក។ យុទ្ធនាការដាក់សម្ពាធកម្រិតអន្តរជាតិ ត្រូវតែបន្ត និងពង្រឹង ដរាបណាទាល់តែរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្លាស់ប្តូរឥរិយាបថទៅរកភាពវិជ្ជមាន។

ទោះជាយ៉ាងនេះក្តី សេចក្តីសម្រេចពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងចំណុច ៤០១ អាចអនុញ្ញាត ឱ្យសហរដ្ឋអាមេរិក ព្យួរការដាក់ទណ្ឌកម្ម បានរយៈពេល ១ ឆ្នាំ ប្រសិនបើកូរ៉េខាងជើងបង្ហាញការកែប្រែឥរិយាបថ និងមានចេតនាពិតប្រាកដក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

– នៅតែបន្តការធ្វើសមយុទ្ធយោធាតាមការគ្រោងទុក

អាមេរិក អាចស៊ាំទៅហើយក្នុងការ ប្រឈមមុខនឹងប្រតិកម្មពីកូរ៉េខាងជើង រាល់ពេលដែលខ្លួនធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ហេតុនេះសម្ពន្ធមិត្តទាំងពីរគួរតែបន្តការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ តាមការគ្រោងទុក បន្ទាប់ពីត្រូវបានពន្យាម្តងរួចមកហើយដោយសារព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក។

ការធ្វើសមយុទ្ធយោធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសមត្ថភាពការពារជាតិ រវាងសម្ពន្ធមិត្តទាំងពីរដែលធ្លាប់បានអនុវត្តជាប្រចាំជាច្រើនឆ្នាំកន្លងមក ក៏ដូចជាការកសាងទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូងដែលជាសម្ពន្ធមិត្តដ៏ស្អិតល្មួត។ ហេតុ នេះ ការធ្វើសមយុទ្ធនេះ មិនគួរលុបចោល ដើម្បីគ្រាន់តែផ្គាប់ចិត្តកូរ៉េខាងជើង ដែលត្រឹម តែជាអ្នកក្រៅម្នាក់នោះទេ៕ ម៉ែវ សាធី

 


ចែករំលែក៖