បាងកក៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនSCG (អេសស៊ីជី) ប្រកាសអំពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទីមួយ ឆ្នាំ២០១៨ ដែលមានកម្រិតប្រហាក់ប្រហែលទៅនឹងត្រីមាសមុនដែរ ។ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពក្រុមហ៊ុនបង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការអភិវឌ្ឍនវានុវត្តន៍ និងផ្ដល់នូវផលិតផល និងសេវាកម្មគ្រប់មុខដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនទូទាំងតំបន់អាស៊ាន ។
លោក Roongrote Rangsiyopash ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនSCG បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទីមួយឆ្នាំ២០១៨ដោយក្នុងនោះប្រាក់ចំណូលពីការលក់ ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់១៥.០៥០ពាន់លានរៀល ( ៣៧៤៩លានដុល្លារសហរដ្ឋអាមេរិក) គឺកើនឡើង៤ភាគរយបើធៀបនឹងត្រីមាសមុន និងកើនឡើង២ភាគរយបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០១៧ ។ ចំណែកឯប្រាក់ចំណេញក្នុងរយៈពេលនេះគឺមានចំនួន1១៥៧៩ពាន់លានរៀល (៣៩៣លានដុល្លារ) ដែលបានធ្លាក់ចុះ១ភាគរយបើធៀបនឹងត្រីមាសមុនហើយធ្លាក់ចុះ២៩ភាគរយបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០១៧ ដែលការធ្លាក់ចុះនេះក៏ដោយសារតែក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធសម្រាប់អាជីវកម្មគីមីទទួលបានលទ្ធផលថយចុះព្រោះតម្លៃប្រាក់បាតកើនឡើងហើយតម្លៃវត្ថុធាតុដើមក៏ខ្ពស់ជាងមុន ។ លទ្ធផលល្អប្រសើរកាលពីឆ្នាំមុនក៏ដោយសារតែការចំណេញពីការលក់នូវទុនវិនិយោគផងដែរ ។
សម្រាប់ប្រតិបត្តិការរបស់SCG ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីមួយឆ្នាំ២០១៨គឺមានទំហំទឹកប្រាក់៣៤៣៨ពាន់លានរៀល (៨៥៧លានដុល្លារ) គឺបានកើនឡើង៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់នេះគឺស្មើនឹង២៣ភាគរយនៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុនSCG ។ ប្រាក់ចំណូលនេះរាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង ។ គិតត្រឹមថ្ងៃទី៣១ខែមីនាឆ្នាំ២០១៨ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនSCG គឺមានទំហំទឹកប្រាក់៧៤៨៤៦ពាន់លានរៀល ( ១៨៧១៧លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់១៨០៦៩ពាន់លានរៀល (៤៥១៩លានដុល្លារ) ដែលស្មើនឹង២៤ភាគរយនៃទ្រព្យសកម្មសរុបរបស់SCG ។
នៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទីមួយឆ្នាំ២០១៨ ក្រុមហ៊ុនSCG នៅក្នុងប្រទេសកម្ពុជាមានទ្រព្យសកម្មសរុបជាទឹកប្រាក់១៣២៦ពាន់លានរៀល (៣៣២លានដុល្លារ) ។ ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីមួយឆ្នាំ២០១៨របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់៤០៦ពាន់លានរៀល (១០១លានដុល្លារ) ដែលរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុងស្រុក និងការនាំចូលពីប្រទេសថៃហើយប្រាក់ចំណូលនេះមានការកើនឡើង១៦ភាគរយបើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះគឺដោយសារតែភាគច្រើនបានពីការនាំចូលមកពីប្រទេសថៃ ។
លោកRoongroteបានមានប្រសាសន៍ថា៖“ថ្វីដ្បិតតែមានឥទ្ធិពលពីកត្តារំខាននានារួមមានការប្រកួតប្រជែងតឹងតែងទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ការកើនឡើងនូវតម្លៃវត្ថុធាតុដើម និងការកើនឡើងនូវតម្លៃប្រាក់បាត ដែលជះឥទ្ធិពលមកលើអាជីវកម្មក្តីក៏លទ្ធផលប្រតិបត្តិការក្នុងត្រីមាសទីមួយឆ្នាំ២០១៨របស់ក្រុមហ៊ុនSCG គឺមានភាពប្រហាក់ប្រហែលគ្នានឹងត្រីមាសមុនដែរ ។ លទ្ធផលនេះកើតមានក៏ដោយសារតែផែនការការប្ដេជ្ញាចិត្តធ្វើឲ្យប្រសើរ (Passion for Better) ដែលក្រុមហ៊ុនបានដាក់ចេញការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍភាពច្នៃប្រឌិតថ្មីគួបផ្សំ និងការផ្ដល់ជូននូវសេវាកម្ម និងផលិតផលគ្រប់មុខដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនទូទាំងតំបន់អាស៊ាន”៕ វឌ្ឍនា