ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្រ្តចាប់ផ្តើមនៅថ្ងៃនេះ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបប្រជុំគ្នានៅតំបន់គ្មានយោធា ដែលបែងចែកប្រទេសកូរ៉េជាពីរនៅថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រមួយរបស់ឧបទ្វីបកូរ៉េ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅប៉ែកខាងត្បូង ភូមិ Panmunjom ដែលជាភូមិបានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នារបស់កូរ៉េទាំងពីរ ។ ជំនួបលើកនេះ គឺជាជំនួបលើកទី៣ប៉ុណ្ណោះ របស់ថ្នាក់ដឹកនាំកំពូលប្រទេសកូរ៉េទាំងពីរ ចាប់តាំងពីចប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០ ឆ្នាំ១៩៥៣មកម្ល៉េះ ។ វានឹងក្លាយជាជំនួបកម្រិតខ្ពស់បំផុតក្នុងបញ្ហាវិបត្តិនយោបាយនុយក្លេអ៊ែរ ហើយក៏ជាចំណុចចាប់ផ្តើមត្រួសត្រាយផ្លូវទៅរកជំនួបរវាងលោក គីម ជុងអ៊ុន​ នឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំផងដែរ ។

លោក Moon Jae-in រង់ចាំស្វាគមន៍ លោកគីម ជុងអ៊ុន នៅឯបង្គោលបេតុងដែលកំណត់សម្គាល់ខ័ណ្ឌព្រំដែនរវាងកូរ៉េទាំងពីរ ជាតំបន់ដែលគ្មានសកម្មភាពយោធាដើម្បីចាប់ផ្តើមឱកាសដ៏កម្រដែលមាននិមិត្តសញ្ញា ។

នៅពេលលោក គីម ជុងអ៊ុន អញ្ជើញធ្វើដំណើរលើខ្សែបន្ទាត់នោះ គាត់នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេ ដែលបានជាន់ជើងនៅលើទឹកដីកូរ៉េភាគខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េត្រូវបានផ្អាកក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ។

ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងក្លាយជាប្រធានបទខ្ពស់បំផុតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ ។

កាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដែលរហូតមកដល់ពេលនេះ វាមានឥទ្ធិពលបំផុត និងបានបាញ់មីស៊ីលឆ្លងទ្វីប មានសមត្ថភាពទៅដល់ដីគោកអាមេរិកថែមទៀតផង។

សកម្មភាពនេះឯងហើយបានធ្វើឱ្យភាពតានតឹងកើនឡើងខ្លាំង នៅពេលដែលលោកគីម ជុងអ៊ុន និង លោកដូណាល់ ត្រាំ ប្រមាថកាត់ទានគ្នាទៅវិញទៅមក និងគំរាមកំហែងផ្ទុះសង្គ្រាមបរមាណូព្រឺក្បាលខ្ញាក។

លោក Moon ប្រធានាធិបតីកូរ៉េខាងត្បូង បានឆកយកឱកាសប្រកួតកីឡាអូឡាំពិករដូវរងារ របស់កូរ៉េខាងត្បូង សន្ទនាពិភាក្សាគ្នា ហើយក៏ស្រាប់តែប្រកាសអំពីជំនួបរបស់លោក ជាមួយនឹងលោកគីម ជុងអ៊ុននាពេលនេះតែម្តង ព្រមទាំងបង្កើតឲ្យមានជំនួបកំពូលរវាងក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោនថែមទៀង ។

លោកដូណាល់ ត្រាំ បានទាមទារឱ្យកូរ៉េខាងជើងលះបង់ឃ្លាំងអាវុធនោះចោល ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យកូរ៉េខាងជើងធ្វើដូច្នេះ ដោយពេញលេញតាមលំដាប់លក្ខណៈ និងមិនអាចកែប្រែបាន ។

ប៉ុន្តែទោះបីយ៉ាងណា ទីក្រុងសេអ៊ូលបានបដិសេធការរំពឹងទុកនោះកាលពីថ្ងៃព្រហស្បតិ៍ថា ការជឿនលឿនខាងបច្ចេកវិទ្យារបស់កូរ៉េខាងជើងជាមួយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន មានន័យថា កិច្ចព្រមព្រៀងណាមួយ នឹង “មានភាពខុសគ្នាជាមូលដ្ឋានពីធម្មជាតិ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរធ្វើឡើងក្នុងឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០” ។

លោក Im Jong-seok អគ្គលេខាធិការប្រធានាធិបតីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «នេះជាអ្វីដែលធ្វើឱ្យកិច្ចប្រជុំកំពូលនេះកាន់តែលំបាក» ។

សន្តិភាព និងការបោះបង់អាវុធនុយក្លេអ៊ែរ

ទីក្រុងព្យុងយ៉ាងកំពុងទាមទារនូវការធានាសន្តិសុខ ដែលមិនបានបញ្ជាក់ច្បាស់លាស់ដើម្បីពិភាក្សាអំពីបញ្ហាឃ្លាំងអាវុធរបស់ខ្លួន ។

កាលពីអតីតកាល ការយល់ព្រមរបស់កូរ៉េខាងជើងចំពោះ “ការលុបបំបាត់អាវុធនុយក្លេអ៊ែរ” នៅឧបទ្វីបកូរ៉េនោះ ជាគន្លឹះមួយឲ្យអាមេរិកដកទ័ពចេញពីកូរ៉េខាងត្បូង និងបញ្ចប់ការការពារសន្តិសុខពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែមកលើសម្ព័ន្ធមិត្តរបស់ខ្លួន – ការរំពឹងទុកដែលមិនអាចគិតស្មានដល់នៅរដ្ឋធានីវ៉ាស៊ីនតោន ។

សាស្ត្រាចារ្យ John Delury នៃសាកលវិទ្យាល័យ Yonsei បានប្រាប់ AFP ថា: «បញ្ហាធំៗ ដែលយើងដឹង គឺសន្តិភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។

លោកបាននិយាយថា កូរ៉េខាងត្បូង “អាចធ្វើបានច្រើនបន្ថែមទៀតលើសន្តិភាពជាងការលុបបំបាត់អាវុធនុយក្លេអ៊ែរ” ប៉ុន្តែសេចក្តីថ្លែងក្រោយកិច្ចប្រជុំនេះ នឹងផ្តល់ឱកាសជាច្រើនដើម្បីវិភាគពាក្យគ្រប់មាត់ ស្វែងរកនូវអ្វីដែលមាន និងអ្វីដែលគ្មាន”។

ក្រុងព្យុងយ៉ាងបានប្រកាសផ្អាកសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបកាលពីសប្ដាហ៍មុន និងរុះរើកន្លែងបាញ់សាកល្បងនុយក្លេអ៊ែរ Punggye-riនោះចេញ ។

ប៉ុន្តែចំណុចនេះត្រូវគេលើកឡើងថា កូរ៉េខាងជើងបានបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនរួចហើយ មិនចាំបាច់ធ្វើតេស្តសាកល្បងអ្វីទៀតនោះទេ។

ទីក្រុងសេអ៊ូល ក៏បានជំរុញគំនិតឱ្យបើកកិច្ចចរចាឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពមួយ បញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ឆ្នាំ១៩៥៣ ពេលដែលអរិភាពនេះបានបញ្ឈប់ដោយសារបទឈប់បាញ់ប៉ុណ្ណោះ ទុកឲ្យប្រទេសជិតខាងគ្នា នៅតែមានទំនាស់តាមលក្ខណៈបច្ចេកទេស ។

ការជួបជុំគ្រួសារកូរ៉េដែលបែងចែកដោយសារសង្រ្គាម ក៏អាចត្រូវបានលើកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលនេះដែរ ហើយលោកប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថា លោកនឹងលើកឡើងនូវប្រធានបទដ៏រំភើបអំពីពលរដ្ឋជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងនោះផងដែរ ៕ ថាច់ យ៉ាត


ចែករំលែក៖