ព័ត៌មានទាន់ហេតុការណ៍៖

អួតអាងកម្លាំងជាថ្មី! ចិនហោះហើរយន្តហោះទម្លាក់គ្រាប់បែកនៅលើដែនកោះតៃវ៉ាន់

ចែករំលែក៖

ព័ត៌មានពីកម្លាំងទ័ពអាកាសចិនបានឲ្យដឹងថា ចិនបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងនៅលើដែនកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ មេសា) ដែលជាការអួតអាងបង្ហាញកម្លាំងរបស់ក្រុងប៉េកាំងជាថ្មី បន្ទាប់ពីព្រមានថា នឹងប្រឆាំងការប្រកាសឯករាជ្យណាមួយរបស់តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនដោយខ្លួនឯងនោះ ។

កងទ័ពអាកាសចិនបានបង្ហើបនៅលើបណ្តាញមីក្រូប្លុក ថា យន្តហោះទម្លាក់គ្រាប់បែក H-6K, យន្តហោះឈ្លបយកការណ៍ និងយន្ដហោះចម្បាំងជាច្រើនប្រភេទទៀត បានប្រតិបត្តិការហោះហើរចេញពីបន្ទាយជើងអាកាសដើម្បីចូលរួម “ការហ្វឹកហាត់ប្រយុទ្ធ” ។

យន្តហោះនេះបានហោះហើរឆ្លងកាត់ច្រកសមុទ្រ Bashi នៅភាគខាងត្បូងកោះតៃវ៉ាន់ និងច្រាំង Miyako ក្បែរកោះ អូគីណាវ៉ា របស់ប្រទេសជប៉ុន។

កងទ័ពជើងអាកាសចិនបាននិយាយទៀតថា យន្តហោះទម្លាក់គ្រាប់បែក H-6K របស់ពួកគេបានបញ្ចប់ការធ្វើសមយុទ្ធច្រើនលើកច្រើនសារមកហើយ ដែលពាក់ព័ន្ធសកម្មភាព រារាំងកោះតៃវ៉ាន់ គឺចាប់តាំងពីថ្ងៃទី១៨ ខែមេសាមកម្ល៉េះ ។ សកម្មភាពសមយុទ្ធរបស់ពួកគេ គឺដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងអស្ចារ្យ ការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន ។

សមយុទ្ធនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានអួតថា សមយុទ្ធកាលពីពេលថ្មីៗទាំងអម្បាលម៉ាននេះ ជាសារប្រឆាំងដ៏ជាក់លាក់ចំពោះការផ្លាស់ប្តូរណាមួយឆ្ពោះទៅរកឯករាជ្យភាពរបស់កោះតៃវ៉ាន់ ឬជាសារព្រមានថា ចិនបានត្រៀមខ្លួនរួចរាល់អស់ហើយ រង់ចាំតែចាត់ការចាប់គ្រញិចប៉ុណ្ណោះ ។

ប្រទេសចិនបានចាត់ទុកថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន មិនអនុញ្ញាតិឲ្យប្រកាសឯករាជ្យចេញពីចិនដីគោកនោះទេ ហើយចិនមានបំណងយកដែនកោះនេះមកគ្រប់គ្រងវិញ ។ កម្លាំងទ័ព មិនប្រាកដថាមិនត្រូវបានប្រើប្រាស់ ដើម្បីមហិច្ឆតានេះឡើយ ។

ចំណែកឯទីក្រុងតៃប៉ិវិញ មិនបាននៅស្ងៀមចុះញមចិនម្តងណាឡើយ គឺបានចេញមុខចោទប្រកាន់ទីក្រុងប៉េកាំងថាជាអ្នកធ្វើឱ្យមានភាពតានតឹងយ៉ាងធ្ងន់ធ្ងរ និងព្យាយាមជំរុញស្ថានភាពតានតឹងនេះឲ្យកាន់តែផុយស្រួយឡើងដល់កម្រិត តាមរយៈសកម្មភាពសមយុទ្ធស្អីគេនោះ ។

កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃអង្គារថា តៃវ៉ាន់មិនអាចនៅស្ងៀមឲ្យចិនឈ្លានពានស្រេចតែក្បាលចិត្តនឹកឃើញនោះឡើយ ។ ខ្លួននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំនៅក្នុងខែមិថុនា ខាងមុខនេះ ។ ការប្រកាសបែបនេះរបស់តៃវ៉ាន់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ការវាយប្រហារតាមឆ្នេរសមុទ្រកើតឡើងយ៉ាងពិតប្រាកដ ។

យន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពជើងអាកាសប្រទេសចិន និងយន្តហោះឈ្លបយកការណ៍ កាលពីសប្តាហ៍មុនថ្មីៗនេះ បានហោះហើរឆ្វែលចុះ ឆ្វែលឡើងជុំវិញដែនកោះតៃវ៉ាន់ ។

យន្តហោះចម្បាំងចិនក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតគឺគ្រាប់មីស៊ីលផងដែរនៅឯភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃទី១៨ ខែមេសា ប៉ុន្តែគេមិនដឹងថា សមយុទ្ធនោះធ្វើនៅច្រកសមុទ្រតៃវ៉ាន់ដែរ ឬយ៉ាងណានោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មិនហ៊ានបញ្ជាក់ប្រាប់ពីចំណុចដ៏រសើបមួយនេះទេ ។

ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធាទៅលើដែនកោះតៃវ៉ាន់ ព្រមទាំងខិតខំប្រើប្រាស់សម្ពាធការទូត​បំបែកបំបាក់កោះតៃវ៉ាន់ពីឆាកអន្តរជាតិ ជាពិសេស​ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលគាំទ្រឯករាជ្យភាពនោះបានចូលកាន់តំណែងកាលពីឆ្នាំ២០១៦រហូតមក ។

កងទ័ពជើងទឹកប្រទេសចិនបានគ្រហឹមថា នាវាផ្ទុកយន្តហោះតែមួយគត់របស់ទីក្រុងប៉េកាំង និងនាវាពិឃាដពីរគ្រឿងទៀតបានធ្វើនាវាចរណ៍ឆ្លងកាត់ដែនសមុទ្រខាងត្បូងកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុន និងបានធ្វើសមយុទ្ធ “វាយលុក និងការពារ” នៅប៉ាស៊ីហ្វិកយ៉ាងអង់អាចក្លាហាន ៕ ថាច់ យ៉ាត

 


ចែករំលែក៖