ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា ហ្វីហ្វី បានធ្វើឲ្យគេភ្ញាក់ផ្អើលកាលពីថ្មីៗនេះបន្ទាប់ពីនាងរងហិង្សាពីសំណាក់បុរសជាថៅកែKTV ជនជាតិចិនម្នាក់នៅតំបន់បឹងត្របែក ។ គ្រាននេះនាងទទួលបានយុត្តិធម៌ហើយក្រោយពីថៅកែជនជាតិចិន ដែលប្រើហិង្សាលើហ្វីហ្វីសុខចិត្តសុំទោស និងសងជំងឺចិត្តនាង ។
បញ្ហាជម្លោះហិង្សាជាមួយថៅកែKTV ជនជាតិចិននៅបឹងត្របែកជាមួយតារាសម្ដែងហ្វីហ្វីបានបន្តមកដល់ទីបញ្ចប់ហើយក្រោយពីថៅកែរូបនោះទទួលស្គាល់កំហុស និងសងជំងឺចិត្តនទៅតារាសម្តែងរូបនេះចំនួន៨ពាន់ដុល្លារអាមេរិកបញ្ចប់រឿង ។ ថៅកែKTV យីហោQI HAO GONG GOAN ជាជនជាតិចិនប្រើអំពើហិង្សាលើតារាសម្ដែងហ្វីហ្វីកាលពីរាត្រីថ្ងៃទី២៣មេសាកន្លងទៅ ។ ក្រោយជាប់គាំងរកដំណោះស្រាយមិនចេញអស់រយៈពេល៣ថ្ងៃគឺភាគីជនជាតិចិនយល់ព្រមសងសំណងទៅតារារងគ្រោះនូវទឹកប្រាក់៨០០០ដុល្លារអាមេរិកព្រមជាមួយលិខិតសុំទោសមួយច្បាប់ផងដើម្បីបញ្ចប់រឿង ។
សំណងទឹកប្រាក់ជិត១ម៉ឺនដុល្លារនេះគឺខុសគ្នាឆ្ងាយអំពីសំណងរបស់ថៅកែចិន ដែលសុខចិត្តផ្ដល់ភ្លាមៗទៅនារីរងគ្រោះនូវទឹកប្រាក់៥០០ដុល្លារជាថ្នូរកុំអោយមានការប្ដឹងផ្ដល់ ។ ប៉ុន្តែដោយសារភាគីរងគ្រោះមិនសុខចិត្តទើបករណីដំណោះស្រាយលើវិវាទហិង្សាខាងលើបានបន្តមកដល់ព្រឹកថ្ងៃទី២៦ មេសានេះ ក្រោយមានអ្នករងគ្រោះប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយដោះស្រាយ ។
គួរបញ្ជាក់ដែរថាកាលពីរាត្រីថ្ងៃទី២៣ មេសា ២០១៨មានករណីជម្លោះហិង្សាមួយបានកើតឡើងនៅចំណុចមុខKTV យីហោQI HAO GONG GOAN ដែលមានថៅកែជាជាតិចិន ។ ដំបូងឡើយតារាសម្ដែង និងចម្រៀងហ្វីហ្វី ដែលត្រូវបានអះអាងថាមិនមែនជាស្ត្រីបម្រើការនៅខារ៉ាអូខេខាងលើត្រូវមិត្តភក្ដិនាងហៅឲ្យទៅជួយអង្គុយកំដរភ្ញៀវនៅចំណុចKTV របស់ជនជាតិចិននោះ ។ ក្រោយមកភ្ញៀវ ដែលគេដឹងថាជាមិត្តភ័ក្ដិថៅកែKTV ខាងលើចង់បានតារាស្រីទៅគេងជាមួយប៉ុន្តែនាងមិនព្រម ។ បញ្ហានេះក៏ដឹងដល់ថៅកែជនជាតិចិន និងបានចូលមកអន្តរាគមន៍ដោយបង្ខំឲ្យហ្វីហ្វីទៅជាមួយភ្ញៀវ ដែលជាមិត្តភ័ក្ដិខ្លួនប៉ុន្តែនាងនៅតែបដិសេធធ្វើឲ្យជនជាតិរូបនេះខឹងនឹងបានប្រព្រឹត្តហិង្សាដោយការទាត់ធាក់លើរូបរាងកាយ៕ វឌ្ឍនា