ព័ត៌មានទាន់ហេតុការណ៍៖

Rolls-Royce បញ្ចេញរថយន្តបែបBlack Badge ជាសំណុំលើកដំបូង

ចែករំលែក៖

ក្រុមការងារBespoke នៅរោងចក្ររថយន្តRolls-Royce បានគិតឃើញនូវភាពកាន់តែងងឹតជាងមុនសម្រាប់រថយន្តBlack Badge Wraith និងDawn ដោយបង្កើតនូវសំណុំរថយន្តដែលចំនួនមានកំណត់ឈ្មោះថាAdamas។ឈ្មោះរបស់រថយន្តនេះដែលមានន័យថា“មិនអាចផ្សំាងបាន” “មិនចេះចាញ់”ឬ“គ្រាប់ពេជ្រ”នោះក្រុមការងារក៏បានកែច្នៃនូវទឹកដៃសិប្បកម្មប្រកបដោយភាពទាន់សម័យបំពាក់សម្រាប់រថយន្តBlack Badge Wraith ចំនួន40គ្រឿងនិងBlack Badge Dawn ចំនួន30គ្រឿង។

លោកTorsten Müller-Ötvösនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្តRolls-Royce បានថ្លែងថា៖“រថយន្តAdamasគឺជាសំណុំរថយន្តដែលកើតឡើងចេញពីការផ្សំគ្នានូវសមត្ថភាពពិសេសរបស់ក្រុមសិប្បករBespoke របស់រោងចក្ររថយន្តRolls-Royce នៅក្រុងGoodwoodនៃតំបន់West Sussex គួបផ្សំនឹងស្មារតីបែបព្រហើនរបស់រថយន្តBlack Badge។លទ្ធផលដែលបានមកគឺជារថយន្តមួយសម្រាប់អ្នកដែលត្រូវការលើសពីរថយន្តប្រណីត។នេះជារថយន្តសម្រាប់អ្នកដែលហ៊ានប្រថុយដែលមិនខ្លាចនឹងទទួលយកនូវភាពប្រណីតពិតៗនិងទាន់សម័យប៉ុន្តែក្នុងទម្រង់ជាភាពងងឹតបំផុត”។

នៅពេលដែលឃើញរថយន្តAdamasគេនឹងចាប់អារម្មណ៍ភ្លាមចំពោះទេវរូបSpirit of Ecstasy ដែលបានផុសចេញពីភាពងងឹតក្នុងសណ្ឋាណពណ៌ខ្មៅ។ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលទេវរូបនេះត្រូវបានបង្កើតឡើងចេញពីសរសៃកាបូនច្នៃដោយម៉ាស៊ីនដែលទេវរូបនេះតំណាងឲ្យគ្រប់ផ្នែកសំខាន់ទាំងអស់របស់សំណុំរថយន្តនេះ។ទេវរូបនាំមុខនេះត្រូវបានបង្កើតឡើងដោយសរសៃកាបូនប្រើក្នុងវិស័យអវកាសចំនួន294ស្រទាប់ដែលចំណាយពេល68ម៉ោងដើម្បីផលិតដោយមុំនៃបច្ចេកទេសត្បាញគឺមានកម្រិត25ដឺក្រេ។ទេវរូបនេះត្រូវបានដាក់ពីលើទម្រទីតាញ៉ូមដែលត្រូវបានបង្កើតយ៉ាងពិសេសតាមរយៈការរំហួតដោយទឹកដើម្បីបង្កើតសម្រស់បែបខ្មៅងងឹតនិងមានចារពាក្យថា“BLACK BADGE ADAMAS” និងរូបសញ្ញាអានន្ត។

នៅផ្នែកខាងក្រោមនៃកាងខាងមុខប្រហោងខ្យល់ពណ៌ខ្មៅខាងក្រោមត្រូវបានបំពាក់បន្ថែមជាមួយនឹងស៊ុមប៉ាណាខ្មៅងងឹតរបស់រថយន្តBlack Badge ដោយបង្ហាញពីចរិតលក្ខណៈនៃភាពកាចនិងមិនចុះញ៉មរបស់រថយន្តAdamas។ពេលបោះជំហានចូលទៅក្នុងរថយន្តគេនឹងចាប់អារម្មណ៍ទៅលើនាឡិកាដែលបញ្ចុះគ្រាប់ពេជ្រខ្មៅ។ក្នុងការបំពាក់នូវសារជាតិកាបូនក្នុងទម្រង់យ៉ាងផ្ចិតផ្ចង់បំផុតគ្រាប់ពេជ្រខ្មៅដែលបណ្ដុះក្នុងបន្ទប់ពិសោធន៍ចំនួន88គ្រាប់ត្រូវបានយកទៅប្រើដើម្បីបង្កើតជានិមិត្តសញ្ញាអានន្តរបស់រថយន្តBlack Badge នេះដែលធ្វើឲ្យនឹកឃើញដល់ស្មារតីដែលមិនចេះរាថយនៃម្ចាស់រថយន្តទាំងអស់នេះ។ពេជ្រខ្មៅត្រូវបានបញ្ចុះនៅលើផ្ទាំងកាបូនដោយត្រូវបានកែច្នៃយ៉ាងល្អឥតខ្ចោះដើម្បីបង្ហាញនូវសម្រស់ស្រស់ស្អាតនិងពណ៌ភ្លឺថ្លា។គ្រឿងបំពាក់ដែលគួរឲ្យទាក់ចិត្តជាងគេបំផុតគឺប្រហែលជាការតុបតែងបែបគ្រាប់ពេជ្រនៅលើដំបូលផ្កាយនៃរថយន្តWraith Adamas។អំពូលអុបទិកចំនួន1340អំពូលត្រូវបានបំពាក់បង្កើតបានជារូបរាងប្រៀបបាននឹងទម្រង់មូលេគុលរបស់កាបូននៅពេលដែលវាក្លាយជាគ្រាប់ពេជ្រដែលបង្ហាញឲ្យឃើញពីការរចនាដែលធ្វើឲ្យនឹកភ្នកដល់ឆ្អឹងខ្នងដ៏រឹងមាំរត់កាត់ផ្ទៃខាងក្នុងរបស់រថយន្ត។ជាលើកដំបូងហើយដែលដំបូលផ្កាយមានបញ្ចូលនូវស្រមោលពន្លឺដោយប្រើប្រាស់នូវពណ៌ខុសៗគ្នាទៅតាមសំណុំពណ៌ដែលបានជ្រើសរើសដើម្បីធ្វើឲ្យអ្វីៗមានភាពលេចធ្លោ។

សម្រាប់រថយន្តបែបសំណុំរបស់Rolls-Royceវិញក្រុមការងាររបស់រថយន្តRolls-Royce Bespoke រួមមានអ្នករចនាម៉ូតវិស្វករនិងសិប្បករនៅឯរោងចក្ររថយន្តRolls-Royce ក្នុងក្រុងGoodwood។ក្រុមការងារនេះមានការយល់ដឹងអំពីអតិថិជនដែលមានការយល់ដឹងជ្រៅជ្រះរបស់ម៉ាកយីហោរថយន្តនេះ។អតិថិជនរថយន្តRolls-Royce ត្រូវបានគេស្គាល់ដោយសារតែក្ដីប្រាថ្នារបស់ពួកគាត់គឺលើសពីការទិញរថយន្តទៅទៀត។ពួកគាត់ស៊ាំនឹងភាពប្រណីតសម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិតហើយពួកគាត់កុម្ម៉ង់រថយន្តដើម្បីប្រមូលទុក។នេះជាចំណុចប្រសព្វគ្នាខាងផ្លូវចិត្តជាមួយនឹងក្រុមការងារRolls-Royce Bespoke ដែលផ្ដល់នូវការណែនាំក្នុងដំណើរការកុម្ម៉ង់ច្នៃរថយន្តដោយក្នុងនោះបានចែករំលែកនូវចំណេះដឹងជ្រៅជ្រះរបស់ខ្លួនក្នុងការបង្កើតនូវវត្ថុប្រណីតពិតៗ។ក្រុមការងារBespoke ប្រើប្រាស់នូវចំណេះដឹងនេះដើម្បីបង្កើតនូវរថយន្តដែលមានចំនួនកំណត់រថយន្តកម្រឬរថយន្តសម្រាប់ប្រមូលទុកជាដើមពោលគឺរថយន្តដែលជាសំណុំរបស់Rolls-Royce៕ វឌ្ឍនា

Rolls-Royce Black Badge Dawn & Wraith

Rolls-Royce Black Badge Dawn & Wraith

Rolls-Royce Black Badge Dawn & Wraith


ចែករំលែក៖