ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមហ៊ុនPhillipCapital Group ត្រូវបានឧទ្ទេសនាមជាអ្នកជំនួញប្រចាំឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកលីមហួមីន (Lim Hua Min) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនPhillipCapital Group ត្រូវបានឧទ្ទេសនាមថាជាអ្នកជំនួញប្រចាំឆ្នាំនៅក្នុងពិធីលៀងសាយភោជន៍ក្នុងប្រទេសសិង្ហបុរីកាលពីរាត្រីថ្ងៃពុធដោយលោកបានទទួលពានរង្វាន់កំពូលនេះក្នុងកម្មវិធីពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរីដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយ។

លោកលីមបានដឹកនាំក្រុមហ៊ុននេះតាំងពីឆ្នាំ១៩៧៥បន្ទាប់ពីបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន និងប្រាក់កម្ចីពីធនាគារក៏ដូចជាដៃគូដើម្បីទិញក្រុមហ៊ុនជំនួញកណ្ដាលផ្នែកភាគហ៊ុនដែលលែងមានសកម្មភាពមួយដោយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានផ្អាក។

អ្នកជំនួញជើងចាស់រូបនេះបានធ្វើបដិវដ្ដឧស្សាហកម្មជំនួញកណ្ដាលផ្នែកផ្សារហ៊ុននៅពេលដែលលោកបានដាក់ចេញនូវមូលដ្ឋានជួញដូរហ៊ុនតាមអ៊ិនធឹណិតដំបូងរបស់ប្រទេសសិង្ហបុរីឈ្មោះថាPOEMS។ក្នុងរយៈកាលបួនទសវត្សរ៍មកនេះលោកក៏បានអភិវឌ្ឍក្រុមហ៊ុនពីក្រុមហ៊ុនមានទីផ្សារតែមួយ និងផលិតផលតែមួយទៅជាក្រុមហ៊ុនធំក្នុងតំបន់អាស៊ីដែលមានវត្តមានទូទាំងសកលលោក។លោកបានកាន់តំណែងជាន់ខ្ពស់នៅក្នុងទីផ្សារភាគហ៊ុនសិង្ហបុរី (SES) និងធ្លាប់បានធ្វើជាប្រធាន និងជាសមាជិករបស់គណៈកម្មាធិការនានានៃទីផ្សារភាគហ៊ុនសិង្ហបុរី។លោកលីមត្រូវបានកោតសរសើរចំពោះភាពតស៊ូ និងភាពរឹងមាំរបស់លោកដោយគណៈកម្មការវិនិច្ឆ័យនានាដែលតែងតែនិយាយថាលោកតែងតែព្យាយាមដើម្បីសម្រេចឲ្យបាននូវលទ្ធផលត្រចះត្រចង់សម្រាប់អាជីវកម្មរបស់ខ្លួនដើម្បីធ្វើឲ្យអាជីវកម្មនោះក្លាយជាអាជីវកម្មនាំមុខគេក្នុងវិស័យនេះ។

ក្រុមហ៊ុនPhillipCapital Group ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរីមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៧ទូទាំងពិភពលោករាប់បញ្ចូលទាំងសហរដ្ឋអាមេរិកចិនចក្រភពអង់គ្លេស និងកម្ពុជាផងដែរដែលនៅកម្ពុជាក្រុមហ៊ុននេះជាម្ចាស់របស់ធនាគារPhillipBank ដែលផ្ដល់សេវាធនាគារពាណិជ្ជ និងសេវាធនាគារទូទៅដល់អតិថិជនកម្ពុជាតាមរយៈសាខាចំនួន៦របស់ខ្លួនដែលមានក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។

លោកហានផេងគ័ង (Han Peng Kwang) នាយកចាត់ការទូទៅរបស់ធនាគារPhillipBank បានរៀបរាប់ទាក់ទិននឹងពានរង្វាន់ដែលអគ្គនាយករបស់លោកបានទទួលដូច្នេះថា៖“ការទទួលស្គាល់មកលើភាពនាំមុខគេនៃក្រុមហ៊ុនយើងនៅក្នុងផ្នែកសេវាហិរញ្ញវត្ថុនៅក្នុងតំបន់ទាំងមូលគឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នាដែលបម្រើការនៅធនាគារPhillipBank នេះ។ពានរង្វាន់នេះនឹងជំរុញទឹកចិត្តឲ្យយើងផ្ដោតលើផែនការដ៏មហិច្ចិតារបស់យើងសម្រាប់ពេលតទៅមុខក្នុងប្រទេសកម្ពុជា”។លោកហានបានថ្លែងថាធនាគារPhillipBank នឹងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានច្រើនទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះតាមរយៈការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗបំផុតនៅក្នុងប្រទែសទេសកម្ពុជា។

ធនាគារPhillipBank គឺជាភាគហ៊ុននិកធំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលទទួលប្រាក់បញ្ញើ។ក្រេឌីតមានបណ្ដាញសាខាចំនួន៨៣កន្លែងទូទាំងប្រទេសកម្ពុជាដោយមានបុគ្គលិកចំនួនជាង១០០០នាក់។បច្ចុប្បន្នពួកគេបម្រើដល់អតិថិជនកម្ពុជាចំនួន១៣០.០០០រូបដែលប្រើសេវាប្រាក់បញ្ញើ និងប្រាក់កម្ចី។

កម្មវិធីពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី (SBA) ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៥ត្រូវបានរៀបចំរួមគ្នារវាងសារព័ត៌មានThe Business Times ដែលជាសារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃបោះពុម្ពផ្សាយដោយក្រុមហ៊ុនSingapore Press Holdings ព្រមជាមួយនឹងក្រុមហ៊ុនDHL ដែលជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។ក្នុងនោះក្រុមគណៈកម្មការវិនិច្ឆ័យមានសមាសភាពមកពីវិស័យពាណិជ្ជកម្មទីភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍អ្នកសិក្សាក្នុងប្រទេសសិង្ហបុរី៕ វឌ្ឍនា


ចែករំលែក៖