ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិទាំងព្រឹក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកពិនិត្យសាកសព ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ដែលគេស្គាល់ជាបុគ្កលិកអគ្គិសនីសាខាខេត្តស្វាយរៀងកាល ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទីព្រឹក នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សង្ស័យជំងឺគាំងបេះដូង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យស្លាប់ដោយសារជំងឺគាំងបេះដូងមានឈ្មោះ នុត ប៊ុនថន អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីកម្ពុជា ខេត្តស្វាយរៀង មានស្រុកកំណើតភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយបច្ចុប្បន្នស្នាក់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា បុរសខាងលើគឺមានជំងឺស្ទះផ្លូវដង្ហើមម្ដងៗ ខណៈធ្លាប់ទៅព្យបាលនៅមន្ទីរពេទ្យ និងលេបថ្នាំជាប្រចាំផងដែរ។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុរាល់ព្រឹកឃើញបុរសខាងលើតែងតែភ្ញាក់ពីដំណេក ពេលព្រឹកទៅធ្វើការដូចសព្វរាល់ដង ប៉ុន្តែចម្លែកស្រាប់តែថ្ងៃកើតហេតុមិនឃើញភ្ញាក់ប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារថា បានស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថា មិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មអ្វីនោះទេ គឺស្លាប់ដោយសារមានជំងឺគាំងបេះដូង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានប្រគល់ជូនទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន