ខេត្តកណ្តាល៖ បុរសម្នាក់ដែលប្រជាពលរដ្ឋក៏ដូចជាសាច់ ញាតិអះអាងថា មានសតិខុសប្រក្រតីនោះ បានទាញដំបងឈើជ្រុលវាយសំពងទៅបុរសជាឪពុកចុង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨ និង១៥នាទីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលមូលដ្ឋានចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជន សង្ស័យឈ្មោះ គង់ សំអឿន ភេទប្រុស ហៅកៃ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានសតិមិនប្រក្រតី រស់នៅក្នុងភូមិ/ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ សែ កាំង អាយុ៧៥ឆ្នាំ ជនជាតិវៀតណាម ត្រូវជាឪពុកចុងរបស់ជនសង្ស័យ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជន សង្ស័យ និងជនរងគ្រោះជាឪពុកចុងមិនមានទំនាស់អ្វីនឹងគ្នានោះទេ ។ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែជនសង្ស័យទាញដំបងឈើជ្រុងវាយប្រហារទៅលើជនរងគ្រោះ ខណៈកំពុងអង្គុយសូត្រធម៌នៅលើផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ក្រោយពីមានហេតុការណ៍កើតឡើងប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ។
ប្រជាពលរដ្ឋនៅក្នុងភូមិនិយាយថា ជនសង្ស័យរូបនេះធ្លាប់បានប្រើប្រាស់គ្រឿងញៀនប៉ះពាលដល់ខួរក្បាល មានពេលខ្លះរត់ស្រែកឡូឡា(បែកថ្នាំ) បង្កការភ័យខ្លាចដល់អ្នកស្រុកថែមទៀតផង ៕ ស្អាងជ័យ