ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងកម្ពុជា រៀបចំ “វេទិកាសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយ ផ្លូវមួយឆ្នាំ២០១៨” ដើម្បីជំរុញពាណិជ្ជកម្ម និង ការវិនិយោគទុន

ចែករំលែក៖

ភ្នំពេញៈ ដើម្បីជំរុញពាណិជ្ជកម្ម និង ការវិនិយោគទុន រវាងប្រទេស កម្ពុជា និងប្រទេសចិន ឱ្យកាន់តែមានសក្តានុពល និងកាន់តែខ្លាំង ចិន និងកម្ពុជា បានសហការរៀបចំ “វេទិកាសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយ ផ្លូវមួយឆ្នាំ២០១៨” ដោយមានការអញ្ជើញចូលរួមរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង វិនិ យោគិន សហគ្រិននិងពាណិជ្ជករប្រមាណជាង៥០០នាក់កាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោកអេនឌី ឡៅ (Andy LAU) ស្ថាបនិកក្រុមហ៊ុនBTKបានមានប្រសាសន៍ថា «ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិនក្រុមហ៊ុនBTKបានដើរតួនាទីជាស្ពានចម្លងនាំក្រុមហ៊ុនចិនជាច្រើនមកវិនិយោគនៅប្រទេសកម្ពុជានិង សង្ឃឹមថាតាមរយៈវេទិកានេះ នឹងជួយជំរុញឱ្យអ្នកវិនិយោគទុនចិនមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត»។

ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយផ្លូវមួយ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា៖វេទិកានេះប្រារព្ធឡើងចំពេលដែល“គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” ដែលផ្តួចផ្តើមឡើង ដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីឆ្នាំ ២០១៣ ដែលបានក្លាយជាគំរោងមួយដ៏ធំ និងមានសក្តានុពល ដើម្បីជំរុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាសធុរកិច្ច ជាមួយប្រទេសចិន ដែលឆ្លងកាត់ប្រទេសជាង៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា«គំរោងនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការតភ្ជាប់ ប្រទេសចិនជាមួយប្រទេសជាច្រើនក្នុងតំបន់ និងអន្តរទ្វីប និងការជំរុញការអភិវឌ្ឍ និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ ជាពិសេស ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។

លើសពីនេះទៀត គំរោងនេះនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំងរវាងស្ថាប័ន រវាងប្រជាជន និងប្រជាជនក្នុងតំបន់និងពិភពលោក»។

តាមរយៈការប្តេជ្ញាចិត្តខាងនយោបាយ និងមធ្យោបាយផ្សេងៗ ជាពិសេសមូលនិធិផ្លូវសូត្រនិងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី(AIIB) គំរោងដ៏ធំនោះពិតជាទទួលបានជោគជ័យ និងផ្តល់ផលប្រយោជន៍ ដ៏ធំធេងក្នុងពេលអនាគត។

បច្ចុប្បន្ន គម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” បានអនុវត្តនិងជះឥទ្ធិពល ជាវិជ្ជមាននៅកម្ពុជា ជាបណ្តើរៗប្រកបដោយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ កម្ពុជារំពឹងថា នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត ក្នុងពេលអនាគត តាមរយៈការតភ្ជាប់កាន់តែច្រើនជាមួយចិន និងប្រទេសនានាក្នុងតំបន់ ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងអាកាស កំពង់ផែ ឋាមពល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្សេងទៀតនៅកម្ពុជា។

សូមបញ្ជាក់ថា វេទិកាសេដ្ធកិច្ច ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឆ្នាំ២០១៨ត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុន Hongkong satellite TV International Media Group និង ក្រុមហ៊ុនBTK ព្រមទាំងបានការគាំទ្រពីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា។

គួរជម្រាបថាប្រទេសកម្ពុជាបានគាំទ្រយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន រហូតមកដល់ពេលនេះប្រទេសកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដូចជាក្លាយជាប្រទេសដែលទាក់ទាញក្រុមហ៊ុនចិនមកវិនិយោគយ៉ាងច្រើន។វេទិកាសេដ្ធកិច្ច ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ឆ្នាំ២០១៨នេះនឹងជួយជំរុញវិនិយោគចិនកាន់តែច្រើនថែមទៀត និងក្លាយជាស្ពានជំរុញសេដ្ធកិច្ចចិននិងកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕ស តារា


ចែករំលែក៖