ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការចាប់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជននេះបានគេចខ្លួខជាច្រើនឆ្នាំកន្លងមកហើយ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះឈ្មោះ ឃួក ប៊ុននាង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងត្រូវបានកម្លាំងនគរបានចាប់ខ្លួនតាមដីកាលេខ៣០៩ ត ព្រ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដោយលោកស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាធានីភ្នំពេញ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់និងមានវាសនាបានគេចខ្លួនរួចពីការតាមប្រមាញ់ពីសំណាក់កម្លាំងសមត្ថកិច្ចច្រើនឆ្នាំមកហើយ ដោយឡែកនៅមុនពេលត្រូវចាប់ខ្លួនជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DK-6122 ទៅកាន់កន្លែងលាងម៉ូតូមួយកន្លែង. ខណៈនោះកម្លាំងនគរបាលខណ្ឌដង្កោដែលមានដីការបង្គាប់ឲ្យចាប់ខ្លួនពីសាលាដំបូងរាជធានីភ្នំពេញស្រាប់ក៏បានតាមចាប់ខ្លួនតែម្ដង បន្ទាប់មកបាននាំទៅសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ