ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្តប៉ះម៉ូតូសណ្តោងរ៉ឺម៉កតិចតួចខឹងអ្នកបើករ៉ឺម៉កមើលមុខ បុកថែមរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ ទំនងស្រវឹងស្រា បើករថយន្តមួយគ្រឿងជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយតិចតួច ដោយខឹងនឹងម្ចាស់ម៉ូតូរ៉ឺម៉កមើលមុខ ក៏រយ៉ែរថយន្តថយក្រោយ រួចបើកទៅមុខបំបុកថែមទៀត បណ្តាលរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសធ្ងន់។ រថយន្តបង្កព្យាយាមបើករត់គេចខ្លួន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបែកកង់មុខខាងឆ្វេង ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ខាងមុខផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ម៉ូតូសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1L-0733 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហតុក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-0345 បើកបរដោយបុរសជនជាតិចិន ទំនងជាស្រវឹងស្រា និងមានបុរសជនជាចិនម្នាក់ទៀតរួមដំណើរ ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នា បានជ្រុកចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយតិចតួច ភ្លាមនោះម្ចាស់រ៉ឺម៉កម៉ូតូ បានក្រឡែកមើលមុខ ធ្វើឲ្យជនជាតិចិនទាំងនោះ ខឹងបានរយ៉ែរថយន្តថយក្រោយ រួចបានបើកទៅមុខបំបុកថែមទៀត បណ្តាលឲ្យម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ផ្ងារជើងម្ខាង។ ចំណែកម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចអស់១កង់ ហើយរថយន្តបែកកង់ខាងមុខខាងឆ្វេងទៅលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖