ព័ត៌មានទាន់ហេតុការណ៍៖

ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ងមិនប៉ះពាល់ដល់ជំនួបរវាងអាមេរិកនឹងកូរ៉េខាងជើងឡើយ

ចែករំលែក៖

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអុីរ៉ង់ មិនប៉ះពាល់ដល់កិច្ចពិភាក្សារវាងអាមេរិក នឹងកូរ៉េខាងជើង នាពេលខាងមុខនោះឡើយ។

កាលពីថ្ងៃទី៣០ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកនឹងផ្តល់ឱកាសនៅក្នុងកិច្ចពិភាក្សាស្តីពីបរមាណូជាថ្មីជាមួយអុីរ៉ង់។ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សាជាមួយប្រធានាធិបតីនីហ្សេរីយ៉ា ដែលកំពុងទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក ត្រាំ បានបញ្ជាក់ថា ប្រការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ នឹងមិនប៉ះពាល់ដល់ជំនួបពិភាក្សាជាមួយកូរ៉េខាងជើងនោះឡើយ។ កន្លងមកបើទោះបីលោក ត្រាំ មិនពេញចិត្តនឹងកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ តែលោកបានច្រានចោលនូវពាក្យចចាមអារ៉ាមថា លោកនឹងលុបកិច្ចព្រមព្រៀងជាមួយអុីរ៉ង់នៅថ្ងៃទី១២ ខែឧសភា ខាងមុខ។

អំពីបញ្ហាកូរ៉េខាងជើងវិញ លោក ត្រាំ បានបញ្ជាក់ថា ការជ្រើសរើសទីតាំងព្រំដែនកូរ៉េខាងជើង និងខាងត្បូង សម្រាប់ជំនួបរវាងលោក នឹងគីម ជុងអ៊ុន គឺជារឿងមួយដ៏ល្អបំផុត។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ១ ខែឧសភា ឆ្នាំ២០១៨ បានស្នើឲ្យមានការរៀបចំជំនួបប្រជុំជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអគារសន្តិភាព ស្ថិតនៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ជាទីដែលលោក គីម ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កាលពីសប្ដាហ៍មុន។

ថ្លែងនៅលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «មានប្រទេសជាច្រើនកំពុងស្ថិតនៅក្រោមការពិចារណាសម្រាប់ទីតាំងរៀបចំកិច្ចប្រជុំ ប៉ុន្តែតើអគារសន្តិភាព ឬក៏អគារសេរីភាព ស្ថិតនៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើងអាច នឹងក្លាយជាទីតាំងចុងក្រោយ និងជាកន្លែងដ៏ស័ក្តិសមជាងប្រទេសទីបីដែរឬទេ? នេះគ្រាន់តែជាសំណើប៉ុណ្ណោះ!»។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា ជំនួបជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ៣ ឬ៤សប្ដាហ៍ខាងមុខទៀតនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ជំនួបនេះអាចនឹងប្រព្រឹត្តទៅនៅត្រឹមពាក់កណ្ដាលខែឧសភាខាងមុខ។

ពាក់ព័ន្ធនឹងស្ថានភាពសន្តិភាពនៅឧបទ្វីបកូរ៉េ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) សម្រាប់ការជួយជ្រោមជ្រែងឲ្យមានជំនួបកំពូលអន្តរ កូរ៉េជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក មូន ជេអ៊ីន បានកត់សម្គាល់បែបនេះនាឱកាសជំនួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់លោក។ លោក មូន តាមរយៈការស្រង់សម្ដីពីក្រុមមន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «ជាការណ៍ពិតណាស់ លោកប្រធានាធិបតី ត្រាំ ស័ក្តិសមនឹងទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។

ព្រមពេលជាមួយគ្នា លោក មូន ក៏បានអរគុណលោក ត្រាំ ផងដែរ សម្រាប់ការជួយឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាន់ខិតជិតគ្នា។ «ការដាក់សម្ពាធជាអតិបរមារបស់លោក ត្រាំ ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងយោធា បានចូលរួមចំណែកយ៉ាងធំធេងបង្ខំឲ្យលោក គីម ជុងអ៊ុន ត្រឡប់មករកតុចរចាវិញ»។ នេះជាការលើកឡើងរបស់លោក មូន ជេអ៊ីន៕ ម៉ែវ សាធី


ចែករំលែក៖