ព័ត៌មានទាន់ហេតុការណ៍៖

ទិវា ១ ឧសភានៅរុស្ស៊ីមានមនុស្សចូលរួម១៣០.០០០ នាក់

ចែករំលែក៖

ក្រសួងមហាផ្ទៃរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី 1 ខែឧសភាថា មនុស្សប្រហែល ១៣០.០០០នាក់បានចូលរួមការជួបជុំគ្នាមួយនៅកណ្តាលក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ ដើម្បីអបអរសាទរទិវាពលករអន្តរជាតិ ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហព័ន្ធសហជីពការងារម៉ូស្គូ ហើយមន្រ្តីអនុវត្តច្បាប់បានរក្សាសណ្ដាប់ធ្នាប់សាធារណៈអំឡុងពេលនៃការជួបជុំនេះ ។

អ្នកចូលរួមបានដើរឆ្លងកាត់ទីលានក្រហម កាន់ទង់ជាតិ ប៉េងប៉ោង និងស្លាកបដាអក្សរ “សន្តិភាព” “ពលកម្ម” និង “ឧសភា” ។

យោងតាមរសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS លោកអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin ដែលជាតំណាងរាស្ត្រនោះបានចូលរួមការជួបជុំនេះដែរ។ លោក Sobyanin បានសន្យាថា នឹងខិតខំប្រឹងប្រែងកែលម្អស្តង់ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទិវា ១ ឧសភា គឺជាថ្ងៃបុណ្យផ្លូវការមួយនៅប្រទេសរុស្ស៊ី ។ មនុស្សអាចរីករាយនឹងការឈប់សម្រាករយៈពេល 4 ថ្ងៃនៅឆ្នាំនេះ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃពុធ ៕ ថាច់ យ៉ាត


ចែករំលែក៖