ភ្នំពេញ ៖ សហជីព និងកម្មករបាន ដាក់ញ្ញត្តិទៅកាន់រដ្ឋសភា តាមរយៈតំណាង រាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា គឺ លោកស្រី ឡោក ខេង នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នា ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ។
សហជីព និងកម្មករដែលមានគ្នាប្រមាណជិត២ពាន់នាក់ បានមកជួបជុំប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣២ នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជិតវត្តភ្នំ ដើម្បីថ្លែងសារ និងស្នើលក្ខខណ្ឌការងារជិត២០ចំណុច។
ញ្ញត្តិទាមទាររួម របស់សហភាពការ ងារ ដែលតំណាងឲ្យសហជីព និងសមាគម ចំនួន៨ទៀត សម្តែងនូវទុក្ខកង្វល់ក្តីបារម្ភ និងស្នើសុំទៅរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ឲ្យជួយដោះស្រាយលក្ខខណ្ឌការងារចំនួន១៩ចំណុច។
ចំណុចសំខាន់ៗនៅក្នុងញ្ញត្តិរួមមាន ការទាមទារកំណត់ប្រាក់ឈ្នួលអប្បបរមា ២០៧ដុល្លារក្នុងមួយខែ, ពង្រឹងសេវាសុខភាពនិងសន្តិសុខសង្គមជូនកម្មករ និងលុបបំបាត់ការប្រើប្រាស់អំណាចរបស់និយោជកមកលើកម្មករ ដែលផ្ទុយនឹងច្បាប់។
លោក អាត់ ធន់ ប្រធានសភាពការ ងារកម្ពុជាបានលើកឡើងថា ក្រុមអាជ្ញាធរ នៅព្រឹកនេះ រារាំងមិនឲ្យលើកបដាដាក់ មេក្រូ ដោយសារអាជ្ញាធរខ្លាចក្រុមកម្មករហែក្បួន ហើយមានកងកម្លាំងនៅចាំឃ្លាំ មើលនៅជុំវិញកន្លែងប្រារព្ធពិធី ប៉ុន្តែលោក ថា ខាងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញជួយសម្រួលចរាចរណ៍បានល្អលើកនេះ។
លោក អាត់ ធន់ បានបន្ថែមទៀតថា ក្រុមមេដឹកនាំសហជីព និងកម្មករប្រារព្ធ ពិធីនៅនឹងកន្លែង ដោយមិនមានការដើរ ហែក្បួននោះទេ ព្រោះសាលារាជធានីភ្នំពេញមិនបានអនុញ្ញាត ដោយលើកហេតុផល បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕ ហេង នរិន្ទ្រ