ខេត្តបាត់ដំបង ៖ កំណាត់ផ្លូវរថភ្លើងពី ខេត្តបន្ទាយមានជ័យមកកាន់ខេត្តបាត់ដំបង ប្រវែងប្រមាណជា៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយកាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបានខកខាន ដំណើរការអស់រយៈពេលប្រមាណជា១២ ឆ្នាំ។ ការដាក់ឲ្យដំណើរការឡើងវិញនូវ កំណាត់ផ្លូវរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបងបានធ្វើឲ្យប្រជា ពលរដ្ឋក្នុងខេត្តទាំងពីរនេះនឹករលឹកដល់ អនុស្សាវរីយ៍ក្នុងការធ្វើដំណើរតាមផ្លូវរថភ្លើងនេះកាលពីអតីតកាលផងដែរ ។
ក្រោយពេលប្រទេសកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផ្លូវរថ ភ្លើងពីភ្នំពេញទៅកាន់ខេត្តបន្ទាយមាន ជ័យ គឺជាមធ្យោបាយដ៏ចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប្រើប្រាស់សម្រាប់ធ្វើដំណើរមករាជធានីភ្នំពេញ ឬក៏ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ធ្វើដំណើរ ទៅកាន់ខេត្តទាំងអស់នេះ ព្រោះមិនមាន មធ្យោបាយដឹកជញ្ជូនថ្មីនោះឡើយ ។
ផ្លូវរថភ្លើងនេះ ក៏ជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នកជំនួញក្នុងការដឹកជញ្ជូនទំនិញរបស់ពួកគេ ពីប្រទេសថៃមកកាន់រាជធានី ភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ដែលនៅជាប់ផ្លូវរថភ្លើងនេះ។ ផ្លូវរថភ្លើង ពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យត្រូវបាន អាក់ខានដំណើរការទៅវិញក្នុង ឆ្នាំ២០០៦ ដោយសារតែស្ថានភាពផ្លូវដែកមានសភាពទ្រុឌទ្រោមខ្លាំងពេក ។
បន្ទាប់ពីដំណើរការសាងសង់ និងជួសជុលរួចរាល់អស់ជាច្រើនឆ្នាំមកកំណាត់ផ្លូវ ដែកពីបាត់ដំបង ទៅបន្ទាយមានជ័យ និង រហូតដល់ក្រុងប៉ោយប៉ែត ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយ។ ជាមួយការ ដាក់ឲ្យដំណើរការនេះ មានប្រជាពលរដ្ឋ ក្នុងខេត្តទាំងពីរនេះជាច្រើននាក់បាននាំគ្នាមកជិះរថភ្លើងនេះ។ ការជិះរថភ្លើងនេះ ពលរដ្ឋខ្លះ ក៏ចង់ស្គាល់រសជាតិនៃការជិះ រថភ្លើង ហើយពលរដ្ឋខ្លះទៀតមកជិះដើម្បីនឹករលឹកដល់អនុស្សាវរីយ៍កាលពីអតីតកាល របស់ខ្លួន។
បុរសម្នាក់រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរំលឹកថា កាលពី ទសវត្សរ៍ឆ្នាំ១៩៨០ និង៩០ ប្រជាពលរដ្ឋជាច្រើនកុះករបានជិះប្រជ្រៀតគ្នានៅលើ រថភ្លើងនេះ។ ប្រភពដដែលនេះបានរំលឹកទៀតថា ដោយសារក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ទាហានខ្មែរក្រហមនៅពួនសម្ងំតាមព្រៃនៅឡើយនោះ ដូច្នេះពេលខ្លះពួកគេបានបំផ្ទុះគ្រាប់មីនផ្តាច់ផ្លូវ ហើយក៏ត្រូវ ដេកក្នុងព្រៃ ហើយពេលខ្លះទៀតពួកគេ ចេញមកស្ទាក់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋក៏មាន។ ពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតថែមទៀតផង ។
បុរសវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យរូបនេះ ក៏បានសាទរផងដែរចំពោះ វត្តមានជាថ្មីនៃខ្សែរថភ្លើងរបស់កម្ពុជានៅភាគខាងជើងរាជធានីភ្នំពេញនេះ។ ជា ពិសេសរថភ្លើងនេះមានម៉ាស៊ីនត្រជាក់ និងមានកន្លែងអង្គុយស្រួលថែមទៀតផង៕ ហេង នរិន្ទ្រ