ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធ អ្នកសារព័ត៍មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ នាឱកាស «ទិវាសេរីភាពសារព័ត៍មាន ពិភពលោក ឆ្នាំ២០១៨

ចែករំលែក៖

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨»

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមសម្តែងការអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជុំវិញពិភពលោក។

ស.ស.ស.ក សូមយកឱកាសនេះ អំពាវនាវដល់សារព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News)។ ព័ត៌មានក្លែងក្លាយ កំពុងបំផ្លាញតួនាទីអង្គភាពសារព័ត៌មាន និងជាឧបរណ៍បំភ័ន្ត ញុះញ៉ុង ឲ្យមនុស្សប្រព្រឹត្តខុស ឈានទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម បរិស្ថាន ធម្មជាតិ សត្វមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិ។

ស.ស.ស.ក សូមអំពាវនាវដល់សារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ សូមមេត្តាជៀសវាងធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មាន នយោបាយពិសពុល មនោគមន៍វិជ្ជាទុច្ចរិត ជៀសវាងបណ្តុះភាសាអសីលធម៌ ខ្លឹមសារញុះញ៉ុងដែលធ្វើឲ្យមានការរើសអើង និងបែកបាក់ក្នុងចំណោមប្រជាជន។ ស.ស.ស.ក យល់ឃើញថា៖ «គ្មានសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមួយដែលកំពុងមានសង្គ្រាមនោះទេ។ សេរីភាពសារព័ត៌មាន ត្រូវតែផ្សារភ្ជាប់ខ្លឹមសារដែលរួមចំណែកដល់ការលើកកម្ពស់ការសម្រេចចិត្តជាវិជ្ជមាន និរន្តរ៍ភាពសន្តិភាព ស្ថិរភាពសង្គម និងគុណភាពប្រជាធិបតេយ្យ។ សេរីភាពសារព័ត៌មាន មានតួនាទីរួមចំណែកជាចលករជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គមជាតិដែលមានសន្តិភាព»។

ស.ស.ស.ក សូមអំពាវនាវដល់សារព័ត៌មានជាតិទាំងអស់ សូមបន្តប្រកាន់ស្មារតីជាតិនិយម សីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ និងតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនឲ្យបានខ្ពស់បំផុត ដោយចូលរួមគោរពច្បាប់ គោរពឯករាជ្យភាព និងគោរពអធិបតេយ្យជាតិកម្ពុជា និងចូលរួមផ្សព្វផ្សាយជុំវិញដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅក្នុងខែកក្កដា ឆ្នាំ២០១៨ ឲ្យបានត្រឹមត្រូវ និងទូលំទូលាយ។

ស.ស.ស.ក សូមក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នលើសុវត្ថិភាពក្នុងពេលបំពេញការងារក្នុងប្រទេសដែលមានអំពើហិង្សា និងសង្គ្រាមស៊ីវិល ហើយ ស.ស.ស.ក សូមថ្កោលទោសចំពោះការគំរាមកំហែង អំពើហិង្សា និងការសម្លាប់អ្នកសារព័ត៌មាន នៅជុំវិញពិភពលោក។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសម្តែងការដឹងគុណចំពោះរៀមច្បងក្នុងវិស័យសារព័ត៌មាន និងសូមលើកទឹកចិត្តដល់សហការីក្នុងវិស័យសារព័ត៌មាន ឲ្យបន្តខិតខំជម្នះការលំបាក ហ៊ានវាយតម្លៃកែលំអរខ្លួនឯងដោយខ្លួនឯង បន្តបំពេញតួនាទីប្រកបដោយសីលធម៌វិជ្ជាជីវៈ ដោយសេចក្តីថ្លៃថ្នូរ ដើម្បីរួមចំណែកកសាងគុណភាព ការគិតវិជ្ជមានរបស់សង្គម កសាងសង្គមសុខដុមរមនា និងការអភិវឌ្ឍដោយចីរភាព៕

រាជធានីភ្នំពេញ, ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨


ចែករំលែក៖