ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការប្រកួត និងរកឃើញម្ចាស់ជ័យលាភីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតជ្រើសរើសស្រីស្រស់ប្រុស្អាតបម្រើការងារនៅរោងចក្រគឺកម្មវិធី”សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨” បានបញ្ចប់និងរកឃើញម្ចាស់ជ័យលាភីហើយកាលពីរាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ ហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជាច្រើនខែ។កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេនមហោស្រពកោះពេជ្រ ក្រោមវត្តមានចូលរួមពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សិល្បករសិល្បការិនី តំណាងរោងចក្រសហគ្រាស កម្មករនិយោជិករាប់ពាន់នាក់ចូលរួម។

បេក្ខជនដែលមានឱកាសចូលរួមប្រកួតមកដល់វគ្គផ្តាច់ព្រ័ត្រនេះមានចំនួន៣២នាក់ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនខែ និងក្រោមវត្តមានចូលរួមពីសំណាក់កម្មករកម្មការិនីរាប់ពាន់នាក់។ បើកកម្មវិធីប្រកួតជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីតាមទម្រង់មង្គលការពីសំណាក់បេក្ខជនទាំង៣២រូប។ ការបង្ហាញខ្លួនរបស់បេក្ខជន បេក្ខនារីក្នុងសម្លៀកបំពាក់រាត្រីសមោសរ ដែលទទួលការឧបត្ថម្ភពីហាងកាត់ដេរសម្លៀកបំពាក់ បូរ៉ានិច។ ក្រោមការដាក់ពិន្ទុពីគណកម្មការយ៉ាងស្វិតស្វាញកម្មវិធីបានស្វែងរកឃើញម្ចាស់ជ័យលាភី ដែលជ័យលាភីលេខមួយផ្នែកនារីបានទៅលើបេក្ខនារីពាក់ស្លាកលេខ៣ ដែលជាបេក្ខនារី ញឿន ស៊ូរិកញ្ញា អាយុ១៨ឆ្នាំមកពីមណ្ឌលរាជធានីភ្នំពេញ។បច្ចុប្បន្ននាងបម្រើការងារនៅរោងចក្រកាត់ដេរហ៊ីរ៉ូតា។ លេខ២បានទៅលើបេក្ខនារីពាក់ស្លាកលេខ៧ ឈ្មោះប៊ិន អ៊័ន អាយុ២០ឆ្នាំ មកពីមណ្ឌលខេត្តព្រះសីហនុ និងកំពុងបម្រើការងារផ្នែកQC នៅរោងចក្រផលិតសម្លៀកបំពាក់ មេនអ៊ូហ្គាមេន ។ ខណៈដែលចំណាត់ថ្នាក់លេខ៣បានទៅលើបេក្ខនារីពាក់ស្លាកលេខ១២ គឺកញ្ញា ហុក ណាគ្រី មានអាយុ២១ឆ្នាំមកពីមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នបម្រើការងារផ្នែកដេរនៅរោងចក្រផលិតសម្លៀកបំពាក់SP Brother Sisophon។

ជាមួយគ្នានេះដែរកម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីផ្នែកបុរសដែលជ័យលាភីលេខ១បានទៅលើបេក្ខជនពាក់ស្លាកលេខ៨មានឈ្មោះថា ឌិន សិត អាយុ២៧ឆ្នាំ មកពីមណ្ឌលរាជធានីភ្នំពេញ បម្រើការងារប្រធានផ្នែកដេរនៅរោងចក្រកាត់ដេរ Inkyoung Wondang Spparel។ ខណៈលេខ២បានទៅលើបេក្ខជនពាក់ស្លាកលេខ១២ ឈ្មោះ គង់វីតាក់ អាយុ២៥ឆ្នាំមកពីមណ្ឌលរាជធានីភ្នំពេញ និងកំពុងបម្រើការងារផ្នែកផលិតនៅរោងចក្រផលិតខ្សែភ្លើងខ្យុងស៊ីង។ រីឯចំណាក់ថ្នាក់លេខ៣បានទៅលើបេក្ខជនពាក់ស្លាកលេខ១៤ ឈ្មោះទូច ទិត្យា អាយុ២៤ឆ្នាំដែលជាបេក្ខជនមកពីមណ្ឌលខេត្តព្រះសីហនុ និងកំពុងបម្រើការងារផ្នែកបកប្រែ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ បេក្ខជនបេក្ខនារីជ័យលាភីទាំង៦រូបទទួលបានពានរង្វាន់ រង្វាន់ជាម៉ូតូ ទឹកប្រាក់សុទ្ធ ចំណែកបេក្ខជនជ័យលាភីកិត្តិយស និងបេក្ខជនទាំង២២រូបផ្សេងទៀតក៏ទទួលបានទឹកប្រាក់លើកទឹកចិត្តផងដែរ។

កញ្ញាញឿនស៊ូរិកញ្ញាម្ចាស់ជ័យលាភីលេខមួយសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ បានបញ្ជាក់ថា នាងពិតជាមិននឹកស្មានដល់ថានឹងមានឱកាសឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ហើយកាន់តែមិនជឿថានាងអាចទទួលបានចំណាត់ថ្នាក់លេខ១នៅពេលនេះ។ នាងបញ្ជាក់ថាពិតជាមោទភាព និងថ្លែងការកោតសរសើរចំពោះក្រសួង និងក្រុមការងារពាក់ព័ន្ធផលិតនិងរៀបចំកម្មវិធីនេះឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយ ការបង្ហាញសមត្ថភាពសម្រាប់កម្មករនិយោជិក។ នាងនៅមិនទាន់ប្រាកដនៅឡើយទេថានឹងបន្តធ្វើកិច្ចការងារអ្វីក្រោយជាប់ជ័យលាភី ប៉ុន្តែនាងប្តេជ្ញាថានឹងបន្តចូលរួមកិច្ចការងារសង្គមតាមរយៈការផ្តល់ឱកាសពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕ វឌ្ឍនា


ចែករំលែក៖