ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើបានផឹកស្រវឹងស្រាជោគជាំបែកគំនិតចូលទៅវាយនារីម្នាក់ជាអ្នកកោសជប់និងម៉ាស្សា បណ្ដាលឲ្យនារីជនរងគ្រោះទទូលរងរបួសយ៉ាងដំណំ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះកោសជប់នឹងម៉ាស្សារបស់ឈ្មោះ លី ផល្លា ស្ថិតក្នុងភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ បូរី ហៅឆាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបំរើការងារកោសជប់និងម៉ាស្សា មានស្រុកកំណើត ភូមិកាន់ទ្រុង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (មានស្នាមពកថ្ងាស់ខាងឆ្វេងចំនួន១កន្លែង ,ហើមជាំភ្នែកទាំងពីរ ,ស្នាមមុតក្រោមភ្នែកខាងឆ្វេងចំនួន១កន្លែង និងហើមបបូរមាត់ខាងលើចំនួន១កន្លែងផងដែរ ) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងកោសជប់ឲ្យភ្ញៀវក្នុងផ្ទះកោសជប់និងម៉ាស្សារបស់ឈ្មោះ លី ផល្លា ខណៈស្រាប់តែជនសង្ស័យឈ្មោះ ពៅ បូរី ពុំដឹងជាមកពីណានិងមានរឿងអ្វីនោះទេ បានមកស្រែកជេរនារីគ្រោះដោយមានសភាពស្រវឹងស្រា ជោគជាំ ក្រោយពីជេររូច ជនសង្ស័យក៏បានចូលទៅក្នុងផ្ទះកោសជប់ ហើយបានចាប់នារីរងគ្រោះមកវាយជាច្រើនដៃ បណ្ដាលឲ្យនារីរងគ្រោះទទួលរងរបួសយ៉ាងដំណំ ។ ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំដើម្បីចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏បានចុះធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ