ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូពីភ្នំពេញមកធ្វើសកម្មភាពលួចនៅខេត្តកណ្ដាលខណៈដែលលួចម៉ូតូបញ្ឆេះមិនឆេះត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជិះម៉ូតូមកពីរាជធានីភ្នំពេញឆ្ពោះមកខេត្តកណ្ដាល ដើម្បីធ្វើសកម្មភាពលួចម៉ូតូ តែលួចមិនបានសម្រេចម្ចាស់តាមទាន់ស្រែកឆោរឡោបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងធ្វើការចាប់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ម៉ក់ ស៊ីណា ហៅ អួក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ បច្ចប្បន្នស្នាក់នៅផ្ទះជួលម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ចក់ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ថេត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ ដោយវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1DB-0384 ,សោរទីបលេខ ១១ ចំនួន ០១
និងទូរស័ព្ទដៃ១គ្រឿង ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន ដោយទុកកូនសោរជាប់នឹងម៉ូតូ រួចឡើងទៅលើផ្ទះរៀបចំទៅរៀន ហើយបានចុះមកវិញស្រាប់តែឃើញជនសង្ស័យឈ្មោះ ម៉ក់ ស៊ីណា ហៅអួក បានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់ខ្លួន ហើយបញ្ឆេះម៉ូតូ តែម៉ូតូមិនឆេះ យកជើងដោល ចេញពីមុខផ្ទះមកផ្លូវ ភ្លាមនោះជនរងគ្រោះក៏ស្រែកថា ចោរៗ និងរត់ដេញតាម រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋជាច្រើននាក់ បានព័ទ្ធចាប់ ហើយប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ចក់ ភេទ ប្រុស បាននាំគ្នាជិះម៉ូតូ០១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនចាំស្លាកលេខ ចេញពីភ្នំពេញ ដើម្បីស្វែងរកលួចម៉ូតូ ខណៈជិះមកដល់កន្លែងកើតហេតុ ខ្លួនចុះទៅលួចម៉ូតូជនរងគ្រោះ តែត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋចាប់ខ្លួនបាន ចំណែកឯឈ្មោះ ចក់ បានជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖