ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់សម្រាលកូននៅមណ្ឌលសុខភាព ត្រពាំងប្រាសាទស្លាប់ចោលកូន៦នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ស្រ្ដីម្នាក់បានបាត់បង់ជីវិតចោលកូនប្រុសស្រី៥នាក់ និងទារក ម្នាក់ក្រោយពេលសម្រាលកូនរួចកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨ ។

ស្រ្ដីរងគ្រោះឈ្មោះ រុន សំបូរ អាយុ៣៣ ឆ្នាំ រស់នៅក្នុងភូមិត្រពាំងប្រាសាទ ឃុំ ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមការឲ្យដឹងពីម្ដាយបង្កើតរបស់ស្រ្ដី រងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ កូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេក៏នាំកូនទៅសម្រាលនៅមណ្ឌលសុខភាពត្រពាំងប្រាសាទដោយសម្រាលបានកូនប្រុសមួយ ។

ម្ដាយស្រ្ដីរងគ្រោះបានបន្ដថា ក្រោយពេលសម្រាលកូនរួចកូនស្រីរបស់គាត់បានធ្លាក់ឈាមមិនឈប់សោះដោយមិនដឹងពីមូលហេតុអ្វីនោះទេ ត្រូវបានក្រុមគ្រូរពេទ្យដឹកជញ្ជូនតាមរថយន្ដសង្គ្រោះបន្ទាន់ទៅ មន្ទីរពេទ្យបង្អែកអន្លង់វែង។ ពេលទៅដល់មន្ទីរពេទ្យបង្អែកអន្លង់វែងគ្រូពេទ្យគ្មាន លទ្ធភាពសង្គ្រោះក៏បញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រោយចូលសម្រាក បានប្រហែលជិត១ម៉ោងកូនស្រីរបស់គាត់ក៏បាត់បង់ជីវិតតែម្តង ។

ប្រធានមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា នេះមិនមែនជា កំហុសរបស់គ្រូពេទ្យទេព្រោះគ្រូពេទ្យបានយកចិត្តទុកដាក់ និងមានជំនាញច្រើនឆ្នាំ ដែលបានទទួលសម្រាកសម្រាលកូនច្រើនរាប់មិនអស់ តែមិនដែលដូចស្រ្ដីរងគ្រោះខាងលើឡើយ ។

ប្រធានមណ្ឌលសុខភាពបានបន្តថា ស្រ្ដីរងគ្រោះមានបញ្ហាដៃស្បូនខ្សោយ ក្រោយសម្រាលរួចមិនងាយធ្លាក់សុកពេល ធ្លាក់សុកហើយដៃស្បូនអត់បិទទោះប្រើថ្នាំជំនួយក៏មិនអាចជួយដល់ស្រ្ដីខាងលើបាន។ លោកអះអាងថា ស្រ្ដីរងគ្រោះអាចធ្លាប់មាន ជំងឺអី្វផ្សេងទើបធ្វើឲ្យពេលសម្រាលកូនរួច ខុសប្លែកពីស្រ្ដីដទៃ ។

បើតាមប្ដីស្រីរងគ្រោះបានឲ្យដឹងថា ប្រពន្ធរបស់គាត់ធ្លាប់ដាក់កងការពារមិន ឲ្យមានកូនរហូតដល់ទៅ៥ឆ្នាំទើបយក ចេញនិងមានកូនសម្រាលមួយនេះ ៕ ប៉ែន នួន


ចែករំលែក៖