ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ១៣នាក់ដែលឆ្លងដែនគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ប៉ោយប៉ែត៖ សមត្ថកិច្ចចម្រុះថៃបានឃាត់រថយន្តមួយគ្រឿង និងពលករខ្មែរប្រុសស្រីសរុបចំនួន១៣នាក់ នៅក្នុងស្រុកអារញ្ញប្រាថេត(ថៃ) បន្ទាប់ពីពលករទាំងនេះ ត្រូវបានមេខ្យល់រៀបចំគម្រោងឲ្យដេកសម្ងំនៅលើរថយន្ត ដោយគ្របបិទបាំងយ៉ាងជិត ដើម្បីបញ្ជូនទៅធ្វើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។

កិច្ចប្រតិបត្តិការរបស់ក្រុមតម្រួតថៃនេះ បានធ្វើឡើងនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងបាងកក ត្រង់ ចំណុចមុខស្ថានីយ៍ហ្គាស LPG ស្ថិតក្នុងឃុំ ណងសាំង ស្រុកអារញ្ញប្រាថេត ខេត្ត ស្រះកែវ ប្រទេសថៃ ។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ គេសង្គេតឃើញថា មានការឃាត់រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា វីហ្គូ ព៌ណប្រផេះ ពាក់ស្លាកលេខ បាងកក ៥៣០០ ខណៈដែលរថយន្តនេះ មានដឹកអ្វីម្យ៉ាងដោយមានគ្របស្បៃ និងតង់យ៉ាងជិតផង ដោយអ្នកបើកបរមានឈ្មោះ អាំងផន សានណារៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំ បាងណាំខៀវ ស្រុកព្រុំបុរី ខេត្តសិង្ហបុរី ។

នៅក្នុងរថយន្តនោះដែរ ក្រោយពេលបើកតង់ឡើង គេឃើញមានពលករខ្មែរដេកតំរាបគ្នា រដូករណែលដែលសរុបមានចំនួន១២នាក់ រួមជាមួយ និងមេខ្យល់ម្នាក់ដែលជាជនជាតិខ្មែរ ដែរត្រូវគេស្គាល់ឈ្មោះ លូន ភេទប្រុស អាយុ៤៥ឆ្នាំ ដោយពួកគេទាំងពីរនាក់ មានការឃុបឃិត និងត្រូវរ៉ូវគ្នាក្នុងការដឹកជញ្ជូនពលករខុសច្បាប់ឲ្យចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ ។

សមត្ថកិច្ចថៃបានអះអាងថា ជនទាំងពីរនាក់នេះគឺមានទោសទៅតាមកំហុសរៀងៗខ្លួន ដោយអ្នកបើកបរខុសលើការជួយបិទបាំង និងដឹកជញ្ជូនពលករឲ្យគេចផុតពីការ ត្រួតពិនិត្យ និងចាប់ខ្លួន រីឯមេខ្យល់ គឺជាជនជាតិខ្មែរ ដែលហ៊ាននាំពលករជាច្រើននាក់ ឲ្យលបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកគេត្រូវបាន កំលាំងបញ្ជូនទៅកាន់តុលាការដើម្បីសម្រេច ។

ជុំវិញសមត្ថកិច្ចថៃចាប់ពលរខាងលើនេះ លោកលឹម តិចអនុប្រធានការិល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រាប់តាមទូរស័ព្ទថាលោកមិនទាន់ទទួលព័ត៌មានបានឡើយ ៕ វណ្ណា


ចែករំលែក៖