ខេត្តកំពង់ចាម ៖ នគរបាលស្រុកកងមាសបានឲ្យដឹងថា កាលពីយប់រំលងថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានអំពើឃាតកម្មមួយបានកើតឡើង ផ្តើមចេញពីទំនាស់ពីថ្ងៃ បន្ទាប់ ពីផឹកស៊ីជាមួយគ្នាទាស់សម្តី រហូតគុំគួនប៉ងកាប់សម្លាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ធ្ងន់ ។
នគរបាលស្រុកកងមាសបានឲ្យដឹងទៀតថា ថ្ងៃកើតហេតុ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ឈ្មោះអំអាំ (ជនរងគ្រោះ) បានផឹកស៊ីជាមួយឈ្មោះ យ៉ាន់ងួន ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិ-ឃុំ ជាមួយគ្នា រហូតស្រវឹងនិយាយស្តាប់គ្នាមិនបាន ក៏កើតជាជម្លោះប្រកែកគ្នា ហើយបែកគ្នាទៅផ្ទះរៀងៗខ្លួន។ សមត្ថកិច្ចបន្តថា លុះដល់ម៉ោង០០និង៥០នាទី ឈានចូលដល់ថ្ងៃទី៧ ឈ្មោះ អំ អាំបានចុះពីលើផ្ទះរបស់ខ្លួនមកដីនោម ស្រាប់តែមានជនសង្ស័យ មាន ចេតនាប៉ងកាប់សម្លាប់ដោយប្រើពូថៅកាប់ទៅលើក្បាលឈ្មោះ អំអាំ ភេទប្រុស អាយុ៤៣ឆ្នាំ ចំនួន៣ពូថៅ បណ្តាលអោយរងរបួសជាទម្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរបង្អែកស្រុកមុខ កំពូលខេត្តកណ្តាល។
បន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើង កម្លាំងសមត្ថកិច្ចនគរបាលស្រុកកងមាស បាន ស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យ ពីបទប៉ុនប៉ងធ្វើឃាតដោយគ្រោងទុកជាមុន ដែលបានកើតទ្បើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០០:៥០នាទី នៅចំណុចកាំជណ្តើរផ្ទះរបស់ឈ្មោះ អំ អាំ (ជនរងគ្រោះ) ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
នគរបាលស្រុកកងមាសបានឲ្យដឹង នៅកន្លែងកើតហេតុមានបន្សល់ទុកពូថៅ១ ហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះយ៉ាន ងួននាំយកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕ វណ្ណៈ