ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ រួមនឹងភ្ញៀវបួននាក់ទៀត បានបើកបរក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រយត្ន័ រេចង្កូតទៅបុកទ្រូងចែកផ្លូវបាក់អស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងម្ខាង តែមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតក្រសួងផែនការចាស់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តតាក់ស៊ីម៉ែត្រ ស្លាកលេខ ភ្នំពេញ.2Z-7739 បើកពីជើងទៅត្បូងក្នុងល្បឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុកទ្រូងថ្មចែកផ្លូវបណ្ដាលឲ្យបាក់ ហើយរថយន្តក្រឡាប់ផ្ងារជើង ។ ភ្លាមៗនោះអ្នកបើកបររួមទាំងភ្ញៀវដែលជិះក្នុងរថយន្តបានបើកទ្វារគេចខ្លួន បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងជំនាញចរាចរណ៍ក្រុងចុះវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរារណ៍ជើងគោក នៃរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី