ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកម្មករ-កម្មការិនីប្រមាណជាង៦០នាក់ចង់ដើរទៅតវ៉ានៅក្រសួងការងារតែអាជ្ញាធរមិនអនុញ្ញាតជួលរថយន្តឲ្យជិះ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកតវ៉ាកម្មករ-កម្មការិនីរោងកាត់ដេរហ្គាវ័ន្តប្រមាណជាង៦០នាក់ក្នុងចំណោម៣០០នាក់ បាននាំគ្នាចេញធ្វើការតវ៉ាជាង៥ខែមកហើយនៅមិនមានដំណោះស្រាយដល់កម្មករ។ដោយសារមិនមានដំណោះស្រាយជាវិជ្ជមានទើបនៅព្រឹកថ្ងៃពុធ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមអ្នកតវ៉ាទាំងនេះបាននាំដើរជាក្បួនឆ្ពោះទៅក្រសួងការងារប្រយោជន៍សុំស្នើជួយអន្តរាគមន៍។

គួរបញ្ជាក់ថា ទីតាំងរោងចក្រហ្គាវ័ន្ត ស្ថិតនៅតាមបណ្តោយផ្លូវជាតិ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ស្ត្រីម្នាក់តំណាងឲ្យកម្មករជាង៦០នាក់បានប្រាប់ថា ក្រុមកម្មករបានធ្វើការតវ៉ាតាំងពីដើមខែមករាឆ្នាំ២០១៨នេះ រហូតមកដល់ពេលនេះជាង៥ខែមកហើយពុំមានដំណោះស្រាយដល់ពួកគាត់ឡើយ។ អ្វីដែលពួកគាត់ធ្វើការតវ៉ានេះសុំឲ្យថៅកែរោងចក្របើកប្រាក់ខែដល់ពួកគាត់ឲ្យបានគ្រប់ចំនួន ដោយមូលហេតុថៅកែរោងចក្រពន្យាពេលបើកប្រាក់ខែពី១ខែទៅ១ខែ ពួកគាត់ក៏នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ។ ដោយឡែកនៅព្រឹកថ្ងៃនេះពួកគាត់ចង់ធ្វើដំណើរថ្មើជើងទៅក្រសួងការងារស្នើសុំជួយអន្តរាគមន៍។

ជាមួយគ្នានេះផងដែរ ក្រុមអាជ្ញាធរមូលដ្ឋានក៏បានស្ទាក់ដំណើរក្រុមអ្នកតវ៉ាកម្មករជាង៦០នាក់ ដោយមិនអនុញ្ញាតឲ្យកម្មករធ្វើដំណើរដោយថ្មើជើងឡើយក្នុងមូលហេតុធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរគឺមិនអនុញ្ញាតឲ្យក្រុមកម្មករធ្វើដំណើរដោយថ្មើជើងនោះ ព្រោះអាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណះ។ អាជ្ញាធរតម្រូវឲ្យកម្មករ-កម្មការិនីទាំងនេះជិះរថយន្តបាន។ លោកចៅសង្កាត់ដដែលបន្តថា លោកបានចេញសោហ៊ុយថ្លៃជួលរថយន្តចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនទៅកាន់ក្រសួងការងារពេញ១ថ្ងៃទាំងទៅទាំងមក។លោកថា ថ្លៃជួលរថយន្តលោកចំណាយ១០០ដុល្លា និងទឹកបរិសុទ្ធក្នុង១ឡាន១០យួរផងដែរ។ លោកថា តាមការពិតវាមិនមែនជាកំហុសរបស់កម្មករនោះទេ វាជាកំហុសរបស់ភាគីថៅកែរោងមិនព្រមបើកលុយឲ្យកម្មករ មិនដឹងថាថៅកែនោះគិតយ៉ាងម៉េច បើវាក្ស័យធុនជាការងាយស្រួលទេ។ ការតវ៉ានេះបានធ្វើឡើងជាង៥ខែមកហើយ មានកម្មករតវ៉ាជាង៦០នាក់។ បើគិតជាទឹកប្រាក់ត្រូវបើកប្រាក់ខែប្រហែលជាង៥ម៉ឺនដុល្លាតែប៉ុណ្ណោះ តែនេះជាល្បិចខិលខូចរបស់ថៅកែរោងចក្រមិនព្រមបើកលុយឲ្យកម្មករ។ សង្ឃឹមថានឹងមានដំណោះស្រាយសមស្របដល់កម្មករ៕ តាឡឹម


ចែករំលែក៖