ខេត្តសៀមរាប៖ កម្មករធ្វើដំឡូងម្នាក់ លួចគោសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីធ្វើសកម្មភាពលួចគោ កាលពីយប់ថ្ងៃទី០៧-ឧសភាឆ្នាំ២០១៨ របស់ប្រជាពលរដ្ឋឈ្មោះ ចាន់ ផន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកំប្លើប ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប បានមករាយការថា គាត់បានបាត់គោមេមួយក្បាល ដែលត្រូវចោរលួច យកទៅបាត់ នៅចំណុចអូតាលាវ ស្ថិតនៅភូមិដូនអែម ឃុំគោដូង ស្រុកអង្គរជុំ លុះព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលាការហើយ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បន្ទាប់ពីចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ស្ថិតនៅចំណុចភូមិប្រសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកដូង ស្រុកអង្គរជុំ វិញ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត។
លោកវរះសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គជុំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋភ្លាមមក បានបញ្ជាឲ្យកងកម្លាំងនគរបាល រួមនឹងប្រជាការពារភូមិបានសហការចុះស្រាវជ្រាវនៅកន្លែងកើតហេតុ រហូតដល់ម៉ោងប្រមាណ ២១និង៣០នាទីយប់ ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៨ ទើបយើងកំណត់បានមុខសញ្ញា និង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជប់ តាត្រាវ ចំណុះអធិការដ្ឋាននគរបាលស្រុកអង្គរធំ ហើយឈានទៅការឃាត់ខ្លួនបានជនសង្ស័យ១នាក់ រួមនឹងវត្ថុតាងសត្វគោ១ក្បាល ស្ថិតនៅចំណុចភូមិប្រសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ហើយបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកដូងស្រុកអង្គរជុំវិញ ដើម្បីធ្វើការសាកសួរ ។
លោកបានបន្តថា ជនសង្ស័យមានឈ្មោះ អ៊ា អ៊ាត ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប (មុខរបរ កម្មករធ្វើដំឡូង)ប្រពន្ធឈ្មោះ ពឿត សូ អាយុ៣៤ឆ្នាំ មានកូន៣នាក់ស្រីក្នុងបន្ទុក ក្រោយពីការសាកសួរជនសង្ស័យនៅចំពោះមុខប៉ូលិសស្រុក រួចមក បានសារភាពថា ខ្លួនគេ ពិតជាបានលួចគោ របស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន កម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតុលាការខេត្ត តាមនីតិវិធី ៕ ប៊ុនរិទ្ធី