ព័ត៌មានទាន់ហេតុការណ៍៖

ចិនជិះរថយន្តនគរបាលបង្ការពន្លត់អគ្គិភ័យដើរលក់បំពង់ពន្លត់អគ្គិភ័យ សមត្ថកិច្ចឃាត់សួរនាំ

ចែករំលែក៖

ខេត្តព្រះសីហនុ: នគរបាលចរាចរក្រុងព្រះសីហនុកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០១៨នៅ លើផ្លូវ២ធ្នូ ត្រង់ចំណុចកែងគុជអាស៊ី ស្ថិតនៅក្នុងសង្កាត់លេខ៤ បានឃាត់រថយន្ត១គ្រឿងមានសឺរ៉ែន និងពាក់ស្លាកលេខនគរបាលដែលបើកដោយជនជាតិចិន២នាក់ ។

នគរបាលចរាចរក្រុងព្រះសីហនុ បានឲ្យដឹងថា រថយន្តខាងលើនេះម៉ាក HILUX VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-7070 បើកបរដោយជនជាតិចិន ឈ្មោះ HUANG CHENG ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប័ណ្ណបើកបរកម្ពុជា ប្រភេទ ខ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានសុពលភាពថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ CHEN LU ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ជនជាតិចិនទាំង២នាក់នេះ បានមកកាន់ខេត្តព្រះសីហនុ មានគោលបំណង ដើរផ្សព្វផ្សាយ លក់បំពង់ពន្លត់អគ្គិភ័យ ដោយពុំទាន់បានយកបំពង់ពន្លត់អគ្គិភ័យមកទេ។ រថយន្តខាងលើមានបំពាក់សឺរ៉ែន និងពាក់ស្លាកលេខនគរបាល 2-7070 ជាកម្មសិទ្ធរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ហើយដោយឃើញជនស៊ីវិលជាជនបរទេសបើកបរ ធ្វើឲ្យសមត្ថកិច្ចសង្ស័យឃាត់សួរនាំ ក៏ភ្ញាក់ខ្លួនព្រើត ព្រោះមិនមែនជាសមត្ថកិច្ចសោះ គឺជនជាតិចិនមិនចេះខ្មែរមួយមាត់ទើបសមត្ថកិច្ចសុំគោលការណ៍ដើម្បីអនុវត្តបន្ត ៕សហការី


ចែករំលែក៖