ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះឃ្លាំងរថយន្តយ៉ាងខ្លាំងគិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តនិងបន្លាស់រថយន្ត៣កន្លែងជាប់ៗគ្នាយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿនមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅឃ្លាំងលក់ និងបន្លាស់រថយន្តនៅតាមបណ្តោយផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានអគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តដែលនៅខាងត្បូងគេ ហើយបានបន្តឆាបឆេះឃ្លាំងដែលនៅជាប់នៅដែលជាឃ្លាំងលក់គ្រឿងបន្លាស់រថយន្តយ៉ាងខ្លាំង ហើយបានបន្តទៅឆេះឃ្លាំងដែលជាប់គ្នាមួយទៀតភ្លាមៗនោះក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ផងដែរ ។ ទោះជាយ៉ាងអគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងនេះ មួយផ្នែកដោយសារតែមានប្រេងលាយឡំនឹងជ័រថែមទៀត ទើបមានការពិបាកគ្របគ្រង់ស្ថានការណ៍ពីក្រុមពន្លត់អគ្គិភ័យ។

កម្លាំងនគរបាលបានប្រើប្រាស់រយះពេល២ម៉ោង នៅតែមិនទាន់អាចគ្រប់គ្រងស្ថានការបាន ។ ពាក់ព័ន្ធនឹងការឆាបឆេះខាងលើនោះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយការខូចខាតនោះ ក៏មិនទានអាចសន្មត់បាននៅឡើយទេ តែការខូចខាតប្រហែលខ្ទង់ម៉ឺនដុល្លារ។ គិតមកដល់ម៉ោ៦ព្រឹក ថ្ងៃ ខែ ឆ្នាំដដែល អគ្គិភ័យខាងលើនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ៕ សុខាសែនជ័យ


ចែករំលែក៖