សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៩ខែ ឧសភាបានផ្សាយថា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដោយមានគោលដៅពីរ គឺ ទីមួយ ពិភាក្សាពីជំនួបកំពូលរវាងលោកត្រាំ នឹងគីម ជុងអ៊ុន, ទីពីរគឺនាំយកជនជាតិអាមេរិក៣រូបដែលជាប់ឃុំនៅកូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់លោក Pompeo ត្រូវបានគេរំពឹងថា នឹងត្រឡប់មកពីកូរ៉េខាងជើងវិញជាមួយពលរដ្ឋអាមេរិកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិតជុំវិញជំនួបកំពូងលរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុង អ៊ុន។ យោងតាមមន្ត្រីកូរ៉េខាងត្បូងដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លោក ប៉ុមប៉េអូ បានធ្វើដំណើរទៅ ដល់កូរ៉េខាងជើងនៅថ្ងៃពុធ តី៩ ខែឧសភា នេះ ដោយធ្វើដំណើរចាកចេញពីប្រទេស ជប៉ុន ហើយបានឆ្ពោះបន្តទៅកាន់សណ្ឋា គារ Koryo Hotel ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង។ លើសពីនេះទៅទៀត មន្ត្រីរូប នេះបានបញ្ជាក់បន្ថែមថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងបញ្ជាក់កាល បរិច្ឆេទសម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េ ខាងជើង ព្រមទាំងធានាការដោះលែងអ្នកទោសអាមេរិកបីនាក់ផងដែរ។
«បើសិនជាអ្នកទោសអាមេរិកទាំងបីនាក់ត្រូវបានដោះលែងនោះវានឹងក្លាយជារឿងដ៏អស្ចារ្យ… យើងនឹងជជែកគ្នាពីបញ្ហានេះនៅថ្ងៃនេះ ហើយខ្ញុំគិតថា វានឹងក្លាយជា កាយវិការមួយដ៏អស្ចារ្យ នៅក្នុងករណីដែលពួកគេចង់ធ្វើបែបនោះមែន»។ នេះបើ តាមលោក ប៉ុមប៉េអូ ថ្លែងប្រាប់អ្នកសារព័ត៌ មាន ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ក្រុងព្យុងយ៉ាង បើទោះជាលោកផ្ទាល់មិនទាន់ទទួលបានការប្ដេជ្ញាចិត្តណាមួយ ពីកូរ៉េខាងជើង ក៏ដោយ។
គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបី នាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើងពីបទចារកម្ម និងធ្វើសកម្មភាពប្រឆាំងរដ្ឋ អំណាចមាន ដូចជាលោក គីម ដុងជុល (Kim Dong-chul), លោក គីម សាងឌុក (Kim Sang-duk) និងលោក គីម ហាក់ សុង (Kim Hak-song)។ ប៉ុន្តែ កាលពី សប្ដាហ៍មុន សកម្មជនកូរ៉េខាងត្បូងម្នាក់ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកថា អ្នកទាំងបីនាក់នេះ ត្រូវបានគេផ្ទេរពីពន្ធ នាគារ ទៅកាន់សណ្ឋាគារមួយកន្លែងស្ថិតនៅក្បែរទីក្រុងព្យុងយ៉ាង ហើយដែលនេះគឺជាកាយវិការមួយត្រូវបានគេរំពឹងថា ទីក្រុងព្យុងយ៉ាង អាចនឹងដោះលែងពួកគេឱ្យមានសេរីភាពវិញ នៅមុនជំនួបរវាង លោក ត្រាំ នឹងលោក គីម៕ ម៉ែវ សាធី